ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញឱ្យមន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយត្រូវពង្រឹងសមត្ថភាពការងារ


ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានបើកកិច្ចប្រជុំលើកដំបូង ជាមួយមន្រ្តី ក្រោមឱវាទ នៅព្រឹកថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០១៩ ដោយ ឯកឧត្តម ជំរុញ ឱ្យមន្រ្តីជំនាញ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ទាំងអស់ត្រូវពង្រឹងសមត្ថភាពជាដាច់ខាត ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ ។

បន្ទាប់ពីត្រូវបានតែងតាំង ជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ទេសរដ្ឋមន្ត្រី គន់ គីម បានបើកកិច្ចប្រជុំ ជាលើកដំបូងជាមួយមន្រ្តីក្រោមឱវាទ ដើម្បីស្វែងយល់ពីកិច្ចការបំពេញ កន្លងមក និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការទប់ស្កាត់ ការពារ និងស្វែងរកដំណោះស្រាយក្នុងបញ្ហាមានគ្រោះមហន្តរាយកើតឡើង។

ឯកឧត្តម បានលើកឡើងថា មន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងអស់ចាប់ពីពេលនេះទៅ ត្រូវតែពង្រឹងសមត្ថភាពការងាររបស់ខ្លួន ព្យាយាមលុបបំបាត់នូវចន្លោះខ្វះខាតកន្លងមក ដើម្បីផលប្រយោជន៍ ពលរដ្ឋ ។

ឯកឧត្តម បញ្ជាក់ថា មន្រ្តីគ្រប់រូបទទួលបានប្រាក់ខែរដ្ឋ បែបនេះ ត្រូវតែបំពេញការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត និងត្រូវសហការយ៉ាងជិតស្និទ្ធជាមួយ បណ្ដាអង្គការជាតិ អន្តរជាតិ រួមទាំង សហការការងារជាពិសេសជាមួយ កាកបាតក្រហមកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ ត្រូវបំពេញការងារដោយសាមគ្គីភាពគ្នា និងបែងចែកការងារគ្នាច្បាស់លាស់ ដោយត្រូវចាំពីតួនាទីរៀងខ្លួនថា ខ្លួនមានតួនាទីសំខាន់ ជាអ្នកជួយប្រជាពលរដ្ឋក្នុងការទប់ស្កាត់ រឺជួយក្នុងកំឡុងពេលមាន គ្រោះមហន្តរាយកើតឡើង។

សូមជម្រាបថា ឯកឧត្តម គន់ គីម ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជំនួសតំណែង ឯកឧត្តម ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។ ការតែងតាំងតួនាទីនេះ ធ្វើឡើងបន្ទាប់ពីមាន ឧបទ្ទវហេតុ រលំបាក់អគារ៧ជាន់ នៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់៕