សមាគមនារី ខេត្តសៀមរាប នាំយកសម្ភារៈ និងថវិកា មួយចំនួន ចូលរួមរំលែកទុក្ខគ្រួសារសព ដែលត្រូវឪពុកប្រើអំពើហឹង្សា ចាប់ បោកផ្ទប់ នឹងសសរផ្ទះបាយស្លាប់


នៅរសៀលថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០១៩ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ស៊ិន ណម អនុប្រធាន លោកជំទាវ លោកស្រី សមាជិក សាខាសមាគមនារី តាមមន្ទីរ សាលាខេត្ត ក្រុង ស្រុក ប្រាសាទបាគង និង ក្រុមប្រឹក្សាឃុំមានជ័យ បាននាំយកថវិកាចំនួន ១,០០០,០០០ រៀលដែលជាថវិកាសមាគមនារី និងមានការចូលរួមពីសប្បុរសជន ។
ជាមួយនេះ អនុសាខាកាកបាទក្រហមស្រុកបាននាំយកសម្ភារៈមួយចំនួនមាន: មុង មួយ,ភួយមួយ ខ្នើយមួយ,ក្រមារមួយ,សារ៉ុងមួយ,ទឹកដោះគោ,ស្ករសរ,ចាន ឆ្នាំង ស្លាបព្រា វែក បំពង់ទឹកក្តៅ ,កន្ទេលមួយ ,អង្គរ ២០គីឡូ ,ទឹកត្រី ទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែកទុក្ខ ដល់ក្រុម គ្រួសារកុមារា ឈ្មោះ ផាង ផល្លា អាយុ១ខួប ២ខែ ត្រូវបានឪពុកប្រើអំពើហឹង្សា ចាប់ បោកផ្ទប់ នឹងសសរផ្ទះបាយស្លាប់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំពោះជនមុខសញ្ញាបានរត់គេចខ្លួន ប៉ូលីសកំពង់ស្រាវជ្រាវតាមចាប់ខ្លួន ។