សម្តេចតេជោថ្លែងថា រយៈពេល១ខែមកនេះ កម្មវិធីផ្តល់ថវិកាសម្រាប់ស្ត្រីក្រីក្រ មានផ្ទៃពោះ មានចំនួនជិត២ម៉ឺននាក់


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី០១ ខែមិថុនាមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ គឺមានរយៈពេល១ខែគត់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តន៍ កម្មវិធីឧត្ថម្ភប្រាក់ប្រមាណ ៧៦ម៉ឺនរៀលដល់ស្រ្តីមកពីគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំ។សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី១ ខែកក្កដានេះ។

សម្តេចតេជោ បន្តថាមានស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ ចំនួន១៨,៧២៥នាក់ហើយ ទទួលនូវគោលនយោបាយគាំពារសង្គម តាមរយៈកម្មវិធីឧបត្ថម្ភថវិកានេះ។

សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈគោលនយោបាយគាំពារសង្គម នៃកម្មវិធីឧបត្ថម្ភកម្មវិធីឧត្ថម្ភប្រាក់ដល់ស្រ្តីមកពីគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំនេះ នឹងជួយឲ្យកុមារដែលមានបញ្ញាខ្សោយ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ ថយចុះជាងមុនផងដែរ៕