អភិបាលខេត្តពោធិ៍សាត់ សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តកែវជុំ ស្រុកវាលវែង ដែលមានតម្លៃជិត២៥៧លានរៀល


ខេត្តពោធិ៍សាត់៖សមិទ្ធផលនានាក្នុងវត្តកែវជុំ (ហៅវត្តទួលគ្រោះ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកសាងអស់ថវិកាជិត២៥៧លានរៀល ក្រោមគំនិតផ្តួចផ្តើមដោយ ព្រះតេជគុណ យ៉ែម សម្បត្តិ ព្រះគ្រូចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសក្នុង និងក្រៅប្រទេស ត្រូវបានប្រារព្ធពិធីសម្ពោធឆ្លង ដាក់ឲ្យប្រើប្រាស់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានលើកឡើងថា ស្រុកវាលវែងចាប់ផ្តើមកែប្រែមុខមាត់ថ្មី គឺបន្ទាប់ពី សមាហរណកម្មស្របតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ ជាហេតុធ្វើស្រុកមួយនេះ កាន់តែមានការ អភិវឌ្ឍន៍ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ស្រុកវាលវែង មាន៥ឃុំ ២០ភូមិ និងភូមិឧបស័ម្ពន្ធ២២ ប្រជាពលរដ្ឋ៨,៣១២គ្រួសារមនុស្ស៣៣,៥៣៤នាក់ មានផ្លូវជាតិលេខ៥៥ប្រវែង១៨២គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចឃុំថ្មដា ដែលជាសសៃឈាមដ៏សំខាន់ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម និងការធ្វើដំណើរទេសចរណ៍ ព្រោះនៅក្នុងតំបន់នោះសម្បូរទៅដោយរមណីដ្ឋាន ព្រៃភ្នំ ជ្រោះជ្រលង ទឹកធ្លាក់ជាដើម។ ចំពោះវិស័យព្រះពុទ្ធសាសនា មានចំនួន១៨វត្ត ព្រះសង្ឃ ៩៥អង្គ តាជីយាយជី ២១៥នាក់ ដោយឡែកវត្តកែវជុំ ហៅវត្តទួលគ្រួស បានចាប់ផ្តើមកសាងក្នុងអំឡុងឆ្នាំ២០០៧ ក្រោមគំនិតផ្តួចផ្តើមឡើងដោយ លោកព្រឹទ្ធាចារ្យ អ៊ួន យ៉ង់ បច្ចុប្បន្នជាប្រធានក្រុម ប្រឹក្សាស្រុកវាលវែង រហូតមកដល់ពេលនេះក្រោមការខិតខំ របស់ ព្រះតេជគុណ យ៉ែម សម្បត្តិ ព្រះគ្រូចៅអធិការវត្តកែវជុំ និងមានការចូលរួមពីពុទ្ធ បរិស័ទ ចំណុះជើងវត្តនិងពីទីជិតឆ្ងាយផងនោះធ្វើឲ្យវត្ត មានការអភិវឌ្ឍន៍ ព្រមទាំងបានប្រារព្ធពិធីបុណ្យសម្ពោធឆ្លងនាពេលនេះរួមមានរោងឧបោសថ មួយខ្នង សាលាធម្មវិន័យមួយខ្នង កុដិមួយខ្នង បណ្ណាល័យមួយខ្នង រោងទទួលភ្ញៀវមួយខ្នង ផ្លូវបេតុង ១ខ្សែ ប្រវែង៨០ម៉ែត្រ របងថ្មមុខវត្ត ប្រវែង១៤០ ម៉ែត្ររោងម៉ាស៊ីននិងក្លោងទ្វារដោយចំណាយថវិកាអស់ជិត២៥៧លានរៀល។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងថា សមិទ្ធផល គិតទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កើតមានរហូតមកដល់សព្វថ្ងៃ គឺផ្តើមចេញពីតម្លៃ សន្តិភាពក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីមុននៅទីនេះ ជាតំបន់សង្គ្រាមឥឡូវប្រែមកជាតំបន់មានការអភិវឌ្ឍន៍ ដែលយើងទាំងអស់គ្នានឹកស្មានមិនដល់។

ជាក់ស្តែងដូចជាវត្តកែវជុំ (ហៅវត្តទួលគ្រួស)មួយនេះ ថ្វីត្បិតនៅឆ្ងាយពីទីប្រជុំជនក៏ពិតមែន ប៉ុន្តែមិនចាញ់វត្តនៅក្នុងទីប្រជុំជននោះឡើយ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការអភិវឌ្ឍន៍ នេះសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទនិងសម្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានរួបរួមសាមគ្គី និងខិតខំប្រឹងប្រែងសាងសង់ម្តងបន្តិចៗរហូតបានកសាងរួចរាល់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
យើងពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលទាំងឡាយ នៅក្នុងវត្តកែវជុំ ក៏ដូចបណ្តាវត្តនានានៅពេលនេះ ព្រោះជាមនុញ្ញផលបានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល់ និងការជឿជាក់ចំពោះសាសនា ហេតុនេះសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមថែរក្សាទុកជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នាទាំងខាងផ្លូវលោក និងផ្លូវធម៌។

អ្វីដែលសំខាន់ចាប់ពីពេលនេះដល់ពេលខាងមុខគប្បីបងប្អូនប្រជាពលរដ្ឋត្រូវចេះ រួបរួមសាមគ្គី ធ្វើការពិចារ ណានូវអ្វីដែលសុខ និងអ្វីដែលរីកចម្រើន កុំចេះតែជឿទៅតាមការឃោសនាបោកប្រាស់របស់ជនអគតិមួយចំនួន បានត្រឹមតែថា សន្យាមិនដែលបានជួយកសាងអ្វីសោះ។ មួយវិញទៀតសូមឲ្យប្រជាពលរដ្ឋត្រូវស្វែងយល់រស់នៅទីណា ថែរក្សាការពារសមិទ្ធផល នៅទីនោះជាពិសេសធនធានធម្មជាតិ កុំនាំគ្នាទៅទន្ទ្រានរុករាន គឺនៅសល់ប៉ុនណា រក្សាទុកប៉ុណ្ណឹង ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍។

ក្នុងឱកាសនោះ ឯកឧត្តមបានចូលរួមថវិកា៨លានរៀល ដល់វត្ត និងអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តនោះ ជាផ្លូវការផងដែរ៕