សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ
កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីការអនុម័តយល់ព្រមឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត
៥- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិការ ព្រឹទ្ធសភា ស្តីពីសំណើរដ្ឋសភាសុំឱ្យ ព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ នូវហើយដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាធិការទី៩ និង
គណៈកម្មាធិកទី៣ព្រឹទ្ធសភា និងក្រោយពីបានស្តាប់មតិពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក…អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៥ខាងលើហើយប្រគល់ជូនគណៈកម្មាធិការទី៩ និង គណៈកម្មាធិការទី៣ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ ដើម្បីសម្រេចអនុម័តដាក់ចូលរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភានីតិកាលទី៤ នាពេលខាងមុខ។