រដ្ឋសភា បិទសម័យប្រជុំលើកទី២ នីតិកាលទី៦ ក្រោយអនុម័តសេចក្តីព្រាងច្បាប់ចំនួន១០


(ភ្នំពេញ)៖ សម័យប្រជុំលើកទី២ នីតិកាលទី៦ នៃរដ្ឋសភា បានបិទបញ្ចប់ ត្រឹមព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានបំពេញការងាររយៈពេល៣ខែ ក្នុងនោះមានការអនុម័តសេចក្តីព្រាងច្បាប់ចំនួន១០ផងដែរ។ ក្រោយបិទបញ្ចប់នេះ រដ្ឋសភាត្រូវវ៉ាកងរយៈពេល៣ខែ ទើបបើកសម័យប្រជុំថ្មីឡើងវិញ។

តាមសេចក្តីប្រកាសរបស់រដ្ឋសភា បានឱ្យដឹងថា រយៈពេល៣ខែមកនេះ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៦ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសភាសម្រេចបាននូវលទ្ធផលដូចតទៅ៖

១៖ សម្រេចអំពីសុពលភាពនៃអាណត្តិ លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និង លោក សុខ ផេង តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នីតិកាលទី៦ នៃរដ្ឋសភា។
២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែម លោក ប្រាជ្ញ ចន្ទ ជាសមាជិកគណៈកម្មការទី១ និង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា។
៣៖ បោះឆ្នោតជ្រើសតាំង លោកស្រី លី វួចឡេង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ឆ្នាំ(២០១៩-២០២៨)។
៤៖ អនុម័តសេចក្តីព្រាងច្បាប់បានចំនួន១០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
៥៖ ការតាំង និងការឆ្លើយសំណួររបស់ លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕