កម្ពុជាយើងត្រូវបានជ្រើសតាំងឱ្យធ្វើម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតជ្រើសរើសជើងឯកតៃក្វាន់ដូអាស៊ីអាគ្នេយ៍


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ការប្រកួតជ្រើសរើសជើងឯកតៃក្វាន់ដូអាស៊ីអាគ្នេយ៍» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។
លោកជំទាវក៏បានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ផ្នែកកីឡាតៃក្វាន់ដូនាថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការរីកចំរើនឥតឈប់ឈរនៃវិស័យកីឡានៅកម្ពុជា និងបានបង្ហាញអំពីសារៈសំខាន់នៃវិស័យកីឡា ការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធទៅវិញទៅមក ក្នុងវិស័យកីឡា រវាងកីឡាកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗក្នុងតំបន់ ហើយព្រឹត្តការណ៍ថ្ងៃនេះជាសក្ខីភាព នៃការរីកចម្រើនរបស់កីឡាតៃក្វាន់ដូកម្ពុជាដោយយើងត្រូវបានជ្រើសតាំងឱ្យធ្វើម្ចាស់ផ្ទះ ទទួលរៀបចំការប្រកួតថ្នាក់តំបន់អាស៊ីអគ្នេយ៍ ដែលមាន៧ប្រទេសចូលរួម និងជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់សហព័ន្ធតៃក្វាន់ដូអាយធីអេហ្វកម្ពុជាផងដែរ។ លោកជំទាវក៏បានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជាធ្លាប់ជាប្រទេសល្បីល្បាញលើឆាកអន្តរជាតិ ផ្នែកវិស័យកីឡានាទសវត្សរ៍ទី៦០ ហើយក៏បានរលាសសាបសូន្យទៅវិញនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកប្រទេសកម្ពុជាក៏ បានរស់រានមានជីវិតឡើងវីញ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានឱកាសបរិបូរណ៍ ក្នុងការកសាងជីវភាពឡើងវិញ ពោរពេញ ទៅដោយសិទ្ធិ សេរីភាព និងទទួលបានការអប់រំ រៀនសូត្រ និងធ្វើបុណ្យតាមប្រពៃណី និងជំនឿសាសនារៀងៗខ្លួន ហើយវិស័យកីឡាក៏បានចាប់ផ្តើមរីកចម្រើនបន្តិចម្តងៗ ចាប់ពីពេលនោះមក។ នៅក្នុងនោះផងដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា ក៏បានលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់កីឡាគ្រប់ផ្នែក និងគ្រប់វិញ្ញាសារ ជាពិសេសដល់កីឡាករ កីឡាការិនីឆ្នើមដែលទទួលបានជ័យលាភី មេដាយមាស ក្នុងការប្រកួតកីឡាក្នុងតំបន់ និងពិភពលោក។ ដូច្នេះ វិស័យកីឡាបានលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាយើង ឱ្យខ្ពស់ត្រដែត និងស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងព្រឹត្តការណ៍ប្រកួតនានាក្នុងតំបន់ និងពិភពលោក។
ជាទីបញ្ចប់លោកជំទាវក៏បានសំណូមពរឲ្យកីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុងនៃការប្រកួត និងបានស្នើឲ្យកីឡាករកម្ពុជាទាំងអស់ខិតខំប្រឹងប្រែង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះក្នុងការប្រកួតលើកនេះ។