សម្តេចពិជ័យសេនា ទៀ បាញ់៖ ទោះកម្ពុជាមានសន្តិភាព តែកងទ័ពត្រូវហ្វឹកហាត់ជាប្រចាំ ដើម្បីការពារជាតិ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានលើកឡើងថា ទោះបីជាកម្ពុជាមានសន្តិភាព តែកងយោធពលខេមរភូមិន្ទ ត្រូវតែហ្វឹកហាត់ជាប្រចាំ ដើម្បីការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យបានស្រេច ក្នុងការការពារជាតិមាតុភូមិ បើទោះបីជា កម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញរួចហើយក្តី»

កម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលរាប់ទសវត្ស ដោយចាប់ផ្តើមពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ឆ្នាំ១៩៧០ រួចហើយប្រទេសធ្លាក់ចូលក្នុងរបបខ្មៅងងឹតខ្មែរក្រហម នៅឆ្នាំ១៩៧៥ ដល់ ១៩៧៩។ របបខ្មែរក្រហមបានដួលរលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយប្រជាជនត្រូវបានរំដោះពីរបបនេះក៏ពិតមែន តែការផ្ទុះអាវុធនៅតែបន្តកើតមានជាបន្តបន្ទាប់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជា ស្គាល់នូវសន្តិភាពពេញលេញឡើងវិញ ហើយសន្តិភាពពេញលេញប្រកបដោយស្ថិរភាពនេះហើយ បាននាំកម្ពុជាឱ្យស្គាល់នូវការអភិវឌ្ឍ ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយរៀងរាល់ឆ្នាំ។

យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាញឹកញាប់ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជា ហើយត្រូវចូលរួមប្រឆាំងចំពោះក្រុមណាមួយ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនេះ ដោយចង់នាំកម្ពុជាធ្លាក់ចូលសង្រ្គាមជាថ្មី៕