ពិធី​បើក​ ការ​តាំង​ពិព័រណ៍​អប់រំ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ


រាជធានី​ភ្នំពេញ៖ វិទ្យាស្ថាន​ជាតិ​អប់រំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​ការ​តាំង​ពិព័រណ៍​អប់រំ ដែល​ជា​ស្នា​ដៃ​ស្រាវជ្រាវ​របស់​គរុ​និស្សិត​កម្រិត​ឧត្ដម​ (បរិញ្ញា​+១) ជំនាន់​ទី​២៤ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពីថ្ងៃ​សុក្រ ៤​កើត ដល់​ថ្ងៃ​សៅរ៍ ៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣។

ពិធី​បើក​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​សុក្រ ៤​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣។ កម្មវិធី​​តាំង​ពិព័រណ៍​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម​​ពី​សំណាក់ ​គរុនិស្សិត ដែល​​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចងក្រង​ស្នាដៃ​ស្រាវជ្រាវ​របស់​ខ្លួន​ ​បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​​ឆ្នាំ​សិក្សា​។ សូម​ជម្រាប​ថា កម្មវិធី តាំង​ពិព័រណ៍​នេះ​បើក​ឱ្យ​សាធារណជន​ចូលរួម​ទស្សនា​ដោយ​សេរី ដោយ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ៕