ឯកឧត្តម ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារបស់ដៃគូវិនិយោគឯកជន និងសាធារណៈ រវាងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន Viettel


នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារបស់ដៃគូវិនិយោគឯកជន និងសាធារណៈ រវាងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន Viettel ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសសរុបប្រមាណ ១០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក មានប្រសាសន៍ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះបានបញ្ជាក់អំពីការបោះជំហានមួយទៅមុខទៀតរបស់ក្រសួងក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ឆ្ពោះទៅរករដ្ឋាភិបាលអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៅពេលអនាគត។ ទន្ទឹមនឹងនេះវានឹងបើកឱកាសឱ្យភាគីដែលចូលរួមទាំងវិស័យឯកជន និងសាធារណៈពង្រីកសក្តានុពលភាពការវិនិយោគរបស់ខ្លួន ដែលអាចប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ជាតិ និងឯកជនប្រកបដោយសក្តានុពលនិងមានប្រសិទ្ធភាព ពិសេសឈានទៅបង្កើតគម្រោងថ្មីៗជាច្រើនទៀត។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរិះរកគំនិតផ្តួចផ្តើមគម្រោងនេះ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Viettel ពិតជាបន្តសហការធ្វើការរួមគ្នាបង្កើតជាគម្រោងលេចជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យជាស្ថាពរ ហើយដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឱ្យមានសន្ទុះខ្លាំងក្លា និងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យារបស់បណ្តាប្រទេសនៅក្នុងតំបន់៕