អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខគ្រូពេទ្យ​ ប្រជាពលរដ្ឋ និងក្មេងតូចៗ ដែលកើតជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តនៃគណ:អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ នាយកស្តីទីសាលាខេត្ត អភិបាលក្រុងសួង ប្រធានមន្ទីរសុខាភិបាលខេត្ត និងកាកបាទក្រហមខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្មួយៗ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម​ និងអ្នកជំងឺទូទៅ​ ក៍ដូចជាលោកគ្រូអ្នកគ្រូពេទ្យ​ និងបុគ្គលិកបំរើការងារ នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។

នៅពេលចុះសួរសុខទុក្ខនោះ ឯកឧត្តមបណ្ឌិត ​ ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៍ដូចជាចែកជូនថវិការ ដល់ពលរដ្ឋមានជំងឺទូទៅ​ និងកុមារតូចៗមានជំងឺគ្រុនឈាម ព្រមទាំងគ្រូពេទ្យទាំងអស់នៅទីនោះ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ពិសេសផ្តល់ជូនសេរ៉ូម ប្រមាណជាង១០០០កំប្លោក ដល់មន្ទីរពេទ្យបង្អែកត្បូងឃ្មុំផងដែរ ដែលឧបត្ថម្ភដោយសាខាកាកបាទក្រហមខេត្ត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យនៅកន្លែងដែលបងប្អូនកំពុងរស់នៅឲ្យបានស្អាត ត្រូវបំបាត់ជម្រកមូសខ្លា ជាពិសេស ត្រូវដេកក្នុងមុង ជាប្រចាំហើយប្រសិនបើកូនតូចៗមានអាការៈក្តៅខ្លួនខ្លាំង ត្រូវយកមកមន្ទីរពេទ្យរបស់រដ្ឋជាបន្ទាន់ ពីព្រោះមន្ទីរពេទ្យរដ្ឋមានគ្រូពេទ្យជំនាញ សម្ភារ និងឧបករណ៍សង្គ្រោះត្រឹមត្រូវ។

សូមបញ្ជាក់ថា៖ នេះជាមន្ទីរពេទ្យទី៣ហើយ ក្នុងចំណោមមន្ទីរពេទ្យទាំង៦ ក្នុង៦ក្រុងស្រុក ដែលលោក ចុះសំណេះសំណាល ផ្តល់ថវិការ ផ្តល់សេរ៉ូម ដោយឡែក លោកនឹងបន្តចុះទៅ មន្ទីរពេទ្យចំនួន០៣ទៀត ក្នុងនាមថ្នាក់ដឹកនាំមួយរូប ដែលមានបេះដូងមនុស្សធម៍ ចំពោះពលរដ្ឋគ្រប់រូប និងមេគ្រួសារ អាណាព្យាបាលរបស់ពួកគាត់៕