លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និង Mission ADB ចុះពិនិត្យការដ្ឋានប្រព័ន្ធធារាសាស្រ្តព្រែកជីក


នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៦ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និង Mission ADB ចុះពិនិត្យការដ្ឋានប្រព័ន្ធធារាសាស្រ្តព្រែកជីក ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការងារអនុវត្តគំរោង ADB នាពេលកន្លងមក និងជំរុញការងារអនុវត្តគំរោងខាងលើក្នុងជំហានទី ២ ដែលនឹងបើកការដ្ឋានក្នុងខែកុម្ភៈ ២០១៧ ខាងមុខនេះ ។
ជំហានទី២ នៃគំរោង ADB ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីកនេះ រួមមានប្រព័ន្ធឡាយរងទី២ នឹងប្រព័ន្ធប្រឡាយរងទី៣ ដែលជាប្រភេទប្រឡាយបេតុង មានចំនួនសរុប ៤៥ ខ្សែ និងមានប្រវែងសរុប ៤៦ គម ហើយបំពាក់ដោយសំណង់សិល្បៈការធំតូច ចំនួន ៥៧៦ កន្លែង បន្ថែមទៀត ពីលើសំណង់សិល្ប:ការធំតូចដែលបានបំពាក់រួចហើយចំនួន ១០៩ កន្លែង លើប្រឡាយមេប្រវែង ២៨ គម ។
ព្រមជាមួយគ្នានោះដែរ ភាគី ADB និងក្រុមការងារក្រសួង ក៏នឹងដឹកនាំការសិក្សាលើអាងទឹកអូរដូនទ្រី ដែលជាផ្នែកខាងលើនៃប្រព័ន្ធធារាសាស្រ្តព្រែកជីក ដើម្បីធ្វើការជួសជុលស្តារឡើងវិញនូវទំនប់អាងអូរដូនទ្រី សម្រាប់តំកល់ទឹកឱ្យបាន ចំនួន ៣០ លាន មែត្រត្រីគុណ បន្ថែមទៀត ដែលនឹងធ្វើឱ្យប្រព័ន្ធធារាសាស្រ្តព្រែកជីក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរបស់បងប្អូនប្រជាកសិករ បានរហូតដល់ ២៤.០០០ ហិកតា ៕