ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ១២សម្រាប់និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាព


កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២ រូប ដើម្បីងាយស្រួលការប្រតិបត្តិនាទី ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ពិធីនេះប្រព្រឹត្តទៅនៅក្នុងវត្តវល្លិ៍យាវ នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ ប៉ុស្តរដ្ឋបាលឃុំ គឺក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច របស់រាជរដ្ឋាភិបាល ដើម្បីបន្តពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច របស់ប្រជាការពារឲ្យមានលក្ខណៈស្របច្បាប់ និងមានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឳកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់ប្រជាការពារ​ទាំងអស់ មិនត្រូវពាក់ឯកសណ្ឋាន ដែលមានស្លាកសញ្ញាកងកម្លាំង, ប្រជាការពារពុំមានសិទ្ធិចាប់ចងបុគ្គល ណាដោយពុំមានសមត្ថកិច្ចចូលរួមនោះឡើយ ប្រជាការពារពុំមានសិទ្ធិកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមន្រ្តីនគរបាលយុត្តិធម៌ឡើយ , និងពុំមានសិទ្ធិប្រើប្រាស់អាវុធ , គំរាមគំហែង, បង្គាប់ឲ្យបង់ប្រាក់ការពារ, ឬកាងបទល្មើសជាដាច់ខាត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរ ចំពោះបងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនិងពេលវេលា ចូលរួមជាមួយនិងរាជរដ្ឋាភិបាល ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន ដោយស្មោះអស់ពីចិត្ត ទោះបីគ្មានប្រាក់បៀវត្ស ឬប្រាក់ឧបត្ថម្ភក្តី តែបងប្អូននៅតែស្មោះស្ម័គ្រចិត្ត ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ដើម្បីឲ្យប្រជានៅក្នុងមូលដ្ឋាន មានសុខសុវត្តិភាព ទាំងរាងកាយ និងទ្រព្យសម្បត្តិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ សំណូមពរឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំង កងកម្លាំងប្រដាប់អាវុធគ្រប់ទាំង៣ប្រភេទ ត្រូវបម្រើប្រពលរដ្ឋនិងដោះស្រាយតាមសំណូមពរ និងត្រូវចងចាំ ថាក្នុងនាមជាមន្រ្តីសាធារណៈ គឺជាអ្នកបម្រើរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជននោះទេ និង ត្រូវមានចន្ទះ ណែនាំដល់ប្រជាពលរដ្ឋ កុំឲ្យជឿលើការឃោសនាញុះញង់ លាបពណ៌ បំបែកបំបាក់ជាតិ ពី ជនអគតិមួយចំនួនដែល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយ កិតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។