អាជ្ញាធរខេត្តកំពតចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសការដ្ឋានសំណង់ដែលកំពុងសាងសង់


ខេត្តកំពត ៖ លោក ប៉ុល កុសល អភិបាលរងខេត្តកំពតទទួលបន្ទុកប្រធានគណៈកម្មការត្រួតពិនិត្យសំណង់តាមស្ថានីយប្រេងឥន្ធនៈ និងការដ្ឋានសំណង់គ្រប់ប្រភេទនានានៅក្រុងខេត្តកំពត ខេត្តកំពតនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈកម្មការចម្រុះ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យបច្ចេកទេសការដ្ឋានសំណង់ដែលកំពុងសាងសង់នៅក្រុងកំពត ដើម្បីជៀសវាងម្ចាស់ការដ្ឋានសំណង់ខាងលើ ដែលសាងសង់ធ្វើឡើងមិនអនុឡោមច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងតាមបទដ្ឋានបច្ចេកវិស្វករជំនាញ និងមិនមានការវាយតម្លៃផលប៉ះពាល់ពីអាជ្ញាធរឲ្យបានត្រឹមត្រូវ ។

លោក ប៉ុល កុសល បានថ្លៃងថា ការចុះត្រួតពិនិត្យសំណង់ ដែលកំពុងសាងសង់ថ្មីៗនៅក្នុងក្រុងនេះ ពីព្រោះសំណង់ការដ្ឋានខាងលើភាគច្រើន ពួកគាត់មិនគោរពច្បាប់ ធ្វើហួសកំណត់ ដែលច្បាប់អាជ្ញាធរជំនាញអនុញ្ញាត។ លោកបញ្ជាក់ថា ការដែលដឹកនាំគណៈកម្មការចម្រុះចុះមកនេះ គឺធ្វើឡើងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដើម្បីធ្វើសេចក្តីណែនាំដល់ម្ចាស់ការដ្ឋានសំណង់នានា ដែលកំពុងធ្វើនៅក្នុងក្រុងឲ្យពួកគាត់យល់អំពីច្បាប់ និងផលប៉ះពាល់ដីចំណីផ្លូវសាធារណៈ ខណៈដែលសំណង់ពួកគាត់កំពុងសាងសង់ហើយ ត្រូវជំរុញពួកគាត់ឲ្យធ្វើតាមតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមច្បាប់ដែលរបស់អាជ្ញាធរអនុញ្ញាត។

លោក ប៉ុល កុសល អភិបាលរងខេត្តបានថ្លែងបន្តថា ការដែលអាជ្ញាធរធ្វើបែបនេះ ពីព្រោះកន្លងមកយើងឃើញជាគំរូខ្លះហើយ នៅខេត្តព្រះសីហនុ ដែលការបាកស្រុតអគារសំណង់គ្មានច្បាប់ និងមិនបានពិនិត្យគុណភាពដែលធ្វើមានសោកវិនាសកម្មកើតឡើង ដែលជាបន្ទុករបស់អាជ្ញាធរអ្នកទទួលខុសត្រូវ។

លោក ប៉ុល កុសល អភិបាលរងខេត្ត បានថ្លែងបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីគណៈកម្មការចម្រុះត្រួតពិនិត្យរួចមក រកឃើញថា សំណង់ការដ្ឋានធំៗចំនួន៤ ដែលកំពុងសាងសង់ ហើយការដ្ឋានសំណង់ទាំង៤ ខុសបច្ចេកទេសមានចំនួន១ ដែលអាជ្ញាធរជំនាញមិនអនុញ្ញាតឲ្យសាងសង់បន្ត៕