ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសថៃ ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ស្រុកអូរជុំ ខេត្តរតនគិរី


ក្រុមគ្រូពេទ្យចំនួន ៥៥នាក់ រួមនិងសមាជិកគណៈកម្មាធិការ មកពីមន្ទីរពេទ្យ Mahavajiralongkon នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បានចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ពិសេសបងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ ធីទិភូមិ អឿអំនួយ ប្រធានគម្រោងកិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា-ថៃ បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលនេះគឺជាចំណែកមួយរបស់គម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា-ថៃដែលផ្តួចផ្តើមដោយ សម្តេចព្រះមហាក្សត្រី សុរិនថន នៃព្រះរាជាណាចក្រថៃ ផ្តល់ជូនសម្រាប់ពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តចំនួនពីរ គឺរតនគិរី និងមណ្ឌលគិរី ដើម្បីទប់ស្កាត់ការឆ្លងរាលដាននៃមេរោគគ្រុនចាញ់ក្នុងតំបន់ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ គម្រោងនេះបានអនុវត្តចាប់តាំងពីឆ្នាំ២០០៧មក តាមរយៈនៃគម្រោងនេះខេត្តទាំងពីរទទួលបានសមិទ្ធផលមួយចំនួនដូចជា សម្ភារៈ បរិក្ខាពេទ្យ អគារការិយាល័យគ្រុនចាញ់០២ខ្នង មណ្ឌល សុខភាព០៣កន្លែង រថយន្តសង្គ្រោះ ០២គ្រឿង រថយន្តសម្រាប់ចុះប្រតិបត្តិការ ០២គ្រឿង និងក្នុងពេលឆាប់ៗនេះនឹងផ្តល់ជូនអគារមណ្ឌលសុខភាពដល់ខេត្តមណ្ឌលគិរី ០១ខ្នងបន្ថែមទៀត។

ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គម្រោង ដែលយើងផ្តើមចេញពីការអនុវត្ត០៥ភូមិ/ឃុំ រហូតពង្រីកវិសាលភាព តាមរយៈការអភិវឌ្ឍទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ពីមួយឆ្នាំទៅមួយឆ្នាំគ្របដណ្តប់ទូទាំងខេត្ត។ ឯកឧត្តមបន្ថែមថា ទង្វើ និងសកម្មភាពរបស់ក្រុមការងារនាឱកាសនេះ គឺជាទឹកចិត្តដ៏ប្រពៃនៃកិច្ចសហការរបស់ភាគីថៃ រួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋជាជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី ពិសេសគឺស្រុកអូរជុំ កាន់តែប្រសើរឡើង។