កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងវាយតម្លៃគម្រោងអាជីវកម្មថ្មអារ (ក្រានីត) របស់ក្រុមហ៊ុន មឿង សុក ខូអិលធីឌី នៅខេត្ដក្រចេះ


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ចាយ សាមិត្ដ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ (ក្រានីត) លើផ្ទៃដីទំហំ ៤០,៥០ ហិកតា ដែលមានទីតាំងស្ថិតនៅ តំបន់វាលរវៀង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ របស់ក្រុមហ៊ុន មឿង សុក ខូអិលធីឌី (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា Envirotech Service Co., Ltd. ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវអនុរដ្ឋលេខាធិការ លោក និងលោកស្រី តំណាង អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការ DPA មន្ទីរបរិស្ថានខេត្ដក្រចេះ និងតំណាងនាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។
ក្រោយពីមានការផ្តល់យោបល់ និងការពិភាក្សារួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
1. អង្គប្រជុំគាំទ្រចំពោះវត្តមាននៃគម្រោងនេះ
2. ក្រុមហ៊ុនត្រូវដំណើរការអាជីវកម្មថ្មអារទៅតាមអាជ្ញាបណ្ណរបស់ក្រសួងរ៉ែ និងថាមពល
3. ក្រុមហ៊ុនជា សមាជិកសមាគមន៍ថ្មក្រានីតកម្ពុជា ត្រូវមាន ផែនការចូលរួមសាងសង់ ជាផ្លូវ បេតុង ឬផ្លូវ កៅស៊ូ ដើម្បីបញ្ចៀសពីការ ហុយធូលី ដែលបង្កហេតុប៉ះពាល់ដល់ប្រជាជនមូលដ្ឋាន ដោយសារ ការ ដឹក ជញ្ជូនថ្មអារ
4. ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងអាចម៍ដីស្រទាប់លើ កម្ទេចកម្ទីថ្មដែលមិនប្រើប្រាស់សម្រាប់ ផលិតកម្ម និង សំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ព្រមទាំង សំណល់រាវ ដែលចេញ ពីការ អារថ្ម និង កែច្នៃថ្មអារ ដោយ ធ្វើ ការ ចម្រោះ ដើម្បីយក ទឹក ទៅ ប្រើប្រាស់ឡើងវិញ
5. នៅពេលបញ្ចប់គម្រោង ក្រុមហ៊ុនត្រូវសហការជាមួយក្រសួង-មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដោយរក្សារណ្តៅនេះ សម្រាប់ស្តុកទឹកប្រើប្រាស់ជាសាធារណៈ ព្រម ទាំង វិភាគ គុណភាព ទឹក ឱ្យ បាន ត្រឹម ត្រូវ មុននឹង ប្រគល់ ទៅឱ្យ ប្រជាពលរដ្ឋ ៕