ឯកឧត្តម ស៊ុន ចាន់ថុល៖ ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ នៅខេត្តព្រះសីហនុ គឺជាការចាំបាច់ ព្រោះជាសរសៃឈាមសេដ្ឋកិច្ចជាតិ


ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេស រចនាសម្ព័ន្ធដឹកជញ្ជូននៅខេត្តព្រះសីហនុ គឺជាការចាំបាច់ខ្លាំងណាស់ ព្រោះជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅខេត្តព្រះសីហនុ គឺជាការចាំបាច់ ព្រោះថាផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹង និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យ គឺធ្វើផ្លូវឲ្យបានមាំ”។

ឯកឧត្តមបន្ដថា ទន្ទឹមនឹងការងារសាងសង់ ក្រសួងក៏មានតួនាទីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឲ្យជិតពលរដ្ឋ តាមរយៈការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។

បន្ថែមពីនេះ រដ្ឋមន្ដ្រីសាធារណការ លើកឡើងថា គម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវ អនុវត្តរបស់ក្រសួងសាធារណការ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនសំខាន់ៗមួយចំនួន ដូចជា ៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែមឲ្យសមស្របតាមការ រីកចម្រើនលើវិស័យដឹកជញ្ជូន របស់ប្រទេសជាតិ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រីសាធារណការ
កោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់ អនុវត្តអនុសាសន៍ទាំង ១១ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន រួបរួមសាគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឲ្យបាន កាន់តែប្រសើរមួយកម្រិតទៀត៕