កម្ពុជា-ហ្វីលីពីន ព្រមព្រៀងក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីទប់ស្កាត់ប្រឆាំងបទល្មើសនានា


ភ្នំពេញ ៖ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មនានាដើម្បីទប់ស្កាត់ប្រឆាំងបទល្មើស ជាពិសេសបទល្មើសឧក្រិដ្ឋ និងបទល្មើស គ្រឿងញៀន នៅក្នុងជំនួបពិភាក្សានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ជាមួយ លោក Ronald De La Rosa អគ្គស្នងការនគរបាលជាតិហ្វីលីពីន ដែលលោកបាន អញ្ជើញអមដំណើរ ក្នុងដំណើរទស្សនកិច្ចរបស់ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីន កន្លងមក។ លោក ក៏បានកោតសរសើរដល់ភាគីហ្វីលីពីនដែលតែងតែផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាមួយភាគីនគរបាលជាតិកម្ពុជាផងដែរ។
ក្នុងនោះដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ក្នុងការផ្លាស់ ប្តូរមន្រ្តីជំនាញ ដើម្បីសិក្សាស្វែងយល់បទពិសោធន៍នូវ យុទ្ធសាស្រ្តក្នុង ការបង្រ្កាបបទឧក្រិដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ដែលអាចមាន ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំប្រតិភូទៅសិក្សា នៅហ្វីលីពីន ក៏ដូចជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិហ្វីលីពីន មកសិក្សានៅកម្ពុជា ដើម្បីផ្លាស់ប្តូរ និងចែករំលែក នូវបទពិសោធន៍ល្អៗ ពីគ្នាពាក់ព័ន្ធទៅនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទឧក្រិដ្ឋផងដែរ។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពិនិត្យលើលទ្ធភាព ក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាមួយ (MOU) រវាងអគ្គស្នង ការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីន ដែលអនុស្សរណៈនេះនឹងផ្តល់ឱកាស ក៏ដូចជាភាពងាយស្រួលក្នុងការ អនុវត្តការងារ ការផ្លាស់ប្តូរព័ត៌មាន និងធ្វើឲ្យការអនុវត្តច្បាប់រវាងប្រទេស ទាំងពីរកាន់តែមានប្រសិទ្ធភាពជាងមុន ៕( ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ )