ឯកឧត្ដម ទិន ពន្លក បាន​​ទទួល​ជួប​ពិភាក្សា​ជា​មួយលោក Tim H​irsch ​តំណាង​លេខាធិការដ្ឋាន​វេទិកា​ព័ត៌មាន​ជីវៈចម្រុះ​សកល (GBIF)


នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៩ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បាន​​ទទួល​ជួប​ពិភាក្សា​ជា​មួយលោក Tim H​irsch ​តំណាង​លេខាធិការដ្ឋាន​វេទិកា​ព័ត៌មាន​ជីវៈចម្រុះ​សកល (GBIF) ស្តីពី​សារប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​នៃ​វេទិកា​GBIF ​និងជានាយក​រង​​ផ្នែក​ជំរុញ​ការ​ចូល​រួម និង​ទំនាក់ទំនង​នៃ​លេខាធិការដ្ឋាន GBIF។

ឯកឧត្តម ទិន ពន្លក បានឱ្យដឹងថា ជំនួបពិភាក្សានេះរៀបចំឡើងក្នុង​គោលបំណង​ដើម្បី​ផ្តល់​ព័ត៌មាន​​ដល់​ភាគី​ពាក់ព័ន្ធ​ពី​អត្ថប្រយោជន៍​របស់​GBIF និង​ពិចារណា​អំពី​អត្ថប្រយោជន៍​និង​កាតព្វកិច្ច​មុន​ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ សម្រេចចូល​ជា​សមាជិក​នៃ​GBIF។

ឯកឧត្ដម បាន​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិបទ​កម្ពុជា​ដោយ​នឹង​បង្ហាញ​ពី​វិធីសាស្រ្ត​គ្រប់គ្រង​ និង​ចែករំលែក​ទិន្នន័យ​ជីវៈចម្រុះ​លក្ខណៈ​ជា​សកល ដែល​អាច​បំពេញ​បន្ថែម​​កង្វះខាត​និង​ជួយ​ជំរុញ​ឱ្យ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ជីវៈចម្រុះ​ជាតិ​ឱ្យ​ត្រូវ​តាម​ស្តង់ដារ និង​គ្រប់ជ្រុងជ្រោយ។​

សូម​ជម្រាប​ផង​ដែរ​ថា វេទិកា​ព័ត៌មាន​ជីវៈចម្រុះ​សកល (GBIF) គឺ​ជា​យន្តការ​អន្តរជាតិ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​សំដៅ​ជំរុញ​ឱ្យ​មាន​ការ​ចែក​រំលែក​ទិន្នន័យ និង​ធានា​បាន​ការ​ទទួល​ព័ត៌មាន​ជីវៈចម្រុះជា​សកល។

តាម​រយៈ​កិច្ច​ប្រជុំ​នេះ​ លោក Tim H​irsch តំណាង​លេខាធិការដ្ឋានGBIF បាន​ធ្វើ​បទបង្ហាញ​លើ​ប្រធានបទ​សំខាន់​ៗ​រួមមាន៖ ១. សាវតារ​សង្ខេប​នៃGBIF ២. គុណសម្បត្តិ​នៃ​ការ​ចូល​រួម​ជា​សមាជិក GBIF ៣. នីតិវិធី​ក្នុង​ការ​ចូលរួម​ជា​សមាជិក​GBIF និង ៤. កិច្ច​ពិភាក្សា​រួម​ដើម្បី​ស្វែងយល់​លម្អិត​ពី​GBIF ៕