រដ្ឋាភិបាលគ្រោង សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្ដសៀមរាប


នៅ​ក្នុង​ពិធី​បិទ​សិក្ខាសាលា ​ពិគ្រោះ​យោបល់​លើក​ទី​១ ​ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍ ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ​នៅ​ថ្ងៃទី​១១ ខែកក្កដា​​ ឆ្នាំ២០១៩។ ​ក្រសួងទេសចរណ៍​ បាន​ស្នើ​ ដល់​គណៈកម្មការ​អន្ដរក្រសួង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ នៅ​ខេត្តសៀមរាប​ ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការ​បង្កើត​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បំផុត​ ពី​ភ្នំពេញ ​ទៅ​សៀមរាប ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ភ្ញៀវ​ទេសចរណ៍​។

នៅក្នុងនោះឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ដំណើរការសិក្សាលើគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប គឺផ្ដោតសំខាន់លើការងារទាំងក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស ក្នុងនោះរួមមាន៖

១. ការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីមានស្រាប់នៅតំបន់អង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងស្នាក់នៅខេត្តសៀមរាបយូរ និងចំណាយច្រើន។

២. ការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន ការពង្រីកផ្លូវថ្នល់ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីដែលធំជាងមុន ដើម្បីតភ្ជាប់ខេត្តសៀមរាបជាមួយរាជធានីភ្នំពេញ សៀមរាបជាមួយតំបន់ឆ្នេរសមុទ្រ សៀមរាបជាមួយតំបន់ភាគឦសាន សៀមរាបជាមួយតំបន់ព្រំដែន ក៏ដូចជាសៀមរាបជាមួយអន្តរជាតិផងដែរ។

៣. ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅខេត្តសៀមរាប និងតំបន់អង្គរ ដើម្បីផ្ដល់ជូននូវភាពស្រស់ស្រាយបរិសុទ្ធ ចំពោះភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប ធ្វើយ៉ាងណាជំរុញឱ្យមានការផ្សព្វផ្សាយនូវចំណុចល្អៗពីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា។ ក្រៅពីនោះមានការសិក្សាលើការគ្រប់គ្រងសំរាម កាក់សំណល់ ការតុបតែងលម្អសោភ័ណភាពនៅក្នុងខេត្ត និងតំបន់ទស្សនា ការសិក្សាលើការបង្កើតសួនច្បារជាដើម។

៤. ការសិក្សាលើការតុបតែងលម្អផ្លូវធ្វើដំណើរឱ្យមានសោភ័ណភាព។

៥. ការសិក្សាលើយន្តការនៃការគ្រប់គ្រងតំបន់ទេសចរណ៍ដ៏ល្បីល្បាញនេះ ឱ្យបានល្អប្រសើរឡើង ពីព្រោះបើគ្មានការគ្រប់គ្រងទេ ការសិក្សារៀបចំនឹងខាតទទេៗ។

ឯកឧត្តមបានបន្តថា គម្រោងសិក្សាលើផែនការមេនេះនឹងត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តចាប់អំឡុងដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣៥។ ឯកឧត្តម ថោង ខុន ក៏បានបញ្ជាក់ថា «ការខិតខំទាំងនេះក៏ដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០៣០ ផងដែរ»។