ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ចំនួន ៦១០ ក្បាលដី នៅសង្កាត់ ទួលសង្កែទី១


វត្តទួលសុវណ្ណរាម,ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំ ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ចំនួន ៦១០ ក្បាលដី នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ពិធីខាងលើនេះ បានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ប៊ិន សូឈី អនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០ នាក់ ផងដែរ៕