សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ នាំទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ ក្នុងវត្តមួយចំនួននាខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង


ខណៈដែលពិធីបុណ្យចូលព្រះវស្សានឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បាននាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សានៅវត្តចំនួន ១២វត្ត ក្នុងនោះ ៨វត្តស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២វត្ត នៅស្រុកកំចាយមា និង ២ ស្រុករមាសហែក ខេត្តព្រៃវែង។ ពិធីប្រគេនតេយ្យទាន និងទានព្រះវស្សានេះ បានប្រារព្ធរៀបចំតាមគន្លងព្រះពុទ្ធសាសនា នៅវត្តគិរីសុវណ្ណរាម(ហៅវត្តថ្កូវ) ដែលស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ នឹងចូលមកដល់នៅថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចំាព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត។ ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម ។

ជាពុទ្ធសាសនិក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជារៀងរាល់ឆ្នាំបាននាំយកទេយ្យទាននិងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមគន្លងប្រពៃណី។ សម្តេចបានមានប្រសាសន៍លើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនា មិនថាតែសាសនាព្រះពុទ្ធនោះទេ បានប្រព្រឹត្តទៅមានលក្ខណៈអធិបអធមនិងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា។ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ សំណង់អគារតូចធំ បានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីវភាពប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់៕