ពិធីប្រកាស និង ប្រគល់ភារកិច្ចជូនក្រុមការងារចុះជួយមូលដ្ឋានក្រុងសៀមរាប


ដើមី្បត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជា នៅក្រុងសៀមរាប ខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ នៅចុងសប្តាហ៍ព្រឹកថ្ងៃសៅរ៍ ទី ១៣ ខែ កក្កដាឆ្នាំ២០១៩នេះ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រកាស និង ប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់កណ្តាលនិងខេត្ត ចុះមូលដ្ឋានសង្កាត់ ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង សង្កាត់ ចូលរួមផងដែរ ។

លោក ទេព ប៊ុនឆាយ ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃ សកម្មភាពការចុះតាមបណ្តាមូលដ្ឋាននៅក្រុងសៀមរាប ក្នុងការកំណែទម្រង់ស៊ីជម្រៅ ការសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ការដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។

យោងទៅតាមខ្លឹមសារនៃសេចក្តីសម្រេច ក៏មានការកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពមួយចំនួន និង ការប្រគល់នូវសេចក្តីសម្រេចដល់ប្រធានក្រុមការងារថ្នាក់កណ្តាល ខេត្តនិងក្រុង ចុះជួយសង្កាត់ទាំង១២របស់ក្រុងសៀមរាបរួចមក ឯកឧត្តម ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការងារចុះមូលដ្ឋាននេះ គឺ ជាប្រពៃណីរបស់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់ ក្នុងគោលដៅធ្វើឲ្យនៅតាមបណ្តាមូលដ្ឋាន មានការអភិវឌ្ឍន៍រីកចម្រើន ទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់នូវភាពក្រីក្រនៅកម្ពុជា ។

ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវការណែនាំមួយចំនួន ដល់ក្រុមការងារគ្រប់ ថ្នាក់ទាំងអស់ឲ្យបានយល់ច្បាស់ ពីតួនាទី ភារកិច្ចរបស់ក្រុមការងារថ្នាក់កណ្តាល ក៏ដូចខេត្ត ក្រុង ក្នុងការចុះតាមបណ្តាមូលដ្ឋាននៅក្រុងសៀមរាប ក្នុងការកំណែទម្រង់ស៊ីជម្រៅ ដើមី្បសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ការដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។

ឯកឧត្តម ឥត សារ៉ាត់ បានបន្តទៀតថា ជាងនេះទៅទៀតនោះលើការផ្តល់សេវាសាធារណៈ លើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និងធ្វើការពង្រឹង ដោះស្រាយទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុងចុះមូលដ្ឋានធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោ បាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ឥត សារ៉ាត់ ក៏បានជម្រុញឲ្យក្រុមការងារថ្នាក់កណ្តាល និង ថ្នាក់ខេត្ត និងក្រុងរៀបចំបែងចែកក្រុមការងារថ្នាក់សង្កាត់ ក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ សង្កាត់ ទៅតាមស្ថានភាពស្ថិតិ ប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងណាទទួលបាននូវ សំណូមពរ តម្រូវការ និង ក្តីកង្វល់របស់ប្រជាពលរដ្ឋ មកដោះស្រាយ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ ត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕