ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះពិនិត្យទីតាំង គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសសម្រាប់អនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ ។

ក្នុងបេសកកម្មនេះ ឯកឧត្តមប្រធាន និងក្រុមការងារ បានចុះពិនិត្យ គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកំពង់ហៅ មានដូចខាងក្រោម៖
(១). បានចុះពិនិត្យទីតាំងប្រជាពលរដ្ឋនៅភូមិដូនវៀត (ត្រង់ចំណុចមួយផ្នែកដែលប្រជាពលរដ្ឋសុំបំបែកភូមិជាពីរ) ហើយបានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានស្នើសុំ មត្តេយ្យសហគមន៍ ០១កន្លែង ធ្វើអំពីឈើ នៅភូមិដូនវៀត (ឯកឧត្តមប្រធាន បានឯកភាព និងប្រគល់ជូន)
(២). បានចុះពិនិត្យទីតាំងកំពង់ចម្លងថ្មីកោះក្អែក និងផ្លូវតភ្ជាប់ប្រវែង ១១៣០ម៉ែត្រ ពីភូមិដូនវៀតមក ភូមិកោះក្អែក
(៣). បានចុះពិនិត្យទីតាំងអនុវិទ្យាល័យកោះក្អែក ដែលបានស្នើសុំផ្ទាំងសូឡាទំហំ ៨០០វ៉ាត់ និងចាក់ដីបំពេញទីធ្លាសាលាចំនួន ១,០០០ឡាន
(៤). បានចុះពិនិត្យគម្រោងស្នើសុំ ស្ពានបេតុង ប្រវែង ៣០ម៉ែត្រ នៅជាប់នឹងវត្តដូនវៀត
(៥). បានចុះពិនិត្យគម្រោងស្នើសុំ ផ្លូវភ្នំទេពី និងប្រឡាយអមផ្លូវ ប្រវែង ៥៥០ម៉ែត្រ និងទៅពិនិត្យគម្រោងស្នើសុំ ស្រះទឹក នៅខាងជើងភ្នំទេពី ទំហំ ១០០ម៉ែត្រ គុណ ៥០ម៉ែត្រ ជម្រៅ ០៣ម៉ែត្រ
និង(៦). ពិនិត្យគម្រោងស្នើសុំ ស្តារព្រែកកោះខ្លា ប្រវែង ២,២០០ម៉ែត្រ។

រាល់សំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធាន បានស្នើអ្នកបច្ចេកទេសចុះពិនិត្យសិក្សា និងរៀបចំរបាយការណ៍លម្អិតដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យពិចារណា និងសម្រេចផងដែរ៕