លោកជំទាវ ឯម ប៉ុណ្ណា និង លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បាននាំយកនូវបច្ច័យ ទៀនវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃតាមវត្តនីមួយៗ ចំនួន៣វត្ត នៅក្នុងខេត្តពោធិ៍សាត់


លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងលោកជំទាវ និងលោកស្រី សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំយកនូវបច្ច័យ ទៀនវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃតាមវត្តនីមួយៗ ចំនួន៣វត្ត នៅក្នុងខេត្ត និងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសគង់ចាំព្រះវស្សាអស់កាល៣ខែ។

សូមបញ្ជាក់ថា ឆ្នាំនេះសាខាសមាគមនារីខេត្ត ដោយបានការចូលរួមបន្ថែមពីឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានរៀបចំទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ យកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាដល់ទីកន្លែង ចំនួន៣វត្ត គឺវត្តព្រៃអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង, វត្តបឹងស្តុក ស្ថិតក្នុងភូមិ ព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ, បូជនីដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន និងវត្តឈើទាលរូង ស្ថិតក្នុងភូមិព្រៃឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយក្នុងមួយវត្ត បច្ច័យកសាង២លានរៀល ប្រគេនព្រះសង្ឃ១៧អង្គ ក្នុងមួយអង្គបច្ច័យ៧ម៉ឺនរៀល ទៀនវស្សាមួយគូ អង្ករ១០០គីឡូក្រាម ក្រៅពីនោះគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត។

ដោយមើលឃើញថា សាលាបឋមសិក្សាអំពួច ដែលនៅជាប់វត្តព្រៃអំពួច មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការសិក្សា, លោកជំទាវ ហ៊ុន ចាន់ធី បានអំពាវនាវ ដល់សមាជិកាសាខាសមាគមនារីខេត្ត ក៏ដូចជាសប្បុរសជន ចូលរួមជាថវិកា ដើម្បីសាងសង់អគាសិក្សាថ្មីឡើង ងាយស្រួលដល់ក្មួយសិស្សានុសិស្សរៀនសូត្រ៕