ឯកឧត្តម ហ៊ុន ម៉ាណែតៈ រាជរដ្ឋាភិបាលកម្ពុជាគឺមិនបោះបង់អតីតយុទ្ធជនចោលទេទោះបីបានបញ្ចប់ភារកិច្ចកងទ័ព


ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦នេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន១០៤១នាក់មកបីក្រុងបាវិត ស្រុកចន្ទ្រា ស្រុកកំពង់រោទ ស្រុករមាសហែក និង កងកម្លាំងប្រដាប់អាវុធ គ្រួសារអតីតយុទ្ធជនជាច្រើននាក់ផងដែរនៅខេត្តស្វាយរៀង។
ឯកឧត្តមហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានាពេលនេះ គឺជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលតែងតែគិតគូរជាប្រចាំចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់អុំពូមីង ហើយបានចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខដោយផ្ទាល់ដើម្បើជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអុំពូមីងទាំងអស់ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិដែលធ្វើឲ្យយើងរស់នៅក្នុងសុខសន្តិភាពរហូតមកដល់ពេលនេះ។
ឯកឧត្តម ហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមិនបោះបង់អតីតយុទ្ធជនចោលនុះទេបើទោះបីបានបញ្ចប់ភារកិច្ចជាកងទ័ពក៍ដោយ។លើសពីនេះប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជនតាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ទីជម្រក ការផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
ឯកឧត្តមបានបន្តថា គោលនយោបាយនិងយន្តការទាំងនេះដែលសមាគមអតីតយុទ្ធជនយកចិត្តទុកដាក់រៀបចំនេះគឺដើម្បីផ្តល់ផលប្រយោជន៍សម្រាប់អតីតយុទ្ធជននិងសម្រាប់កម្លាំងប្រដាប់អាវុធសំដៅលើកស្ទួយទាំងកម្រិតជីវភាពនិងលើកតម្កើនទាំងកិត្តិយសដែលនេះគឺជាថ្លែងនូវគុណូបការៈនៃការលះបង់របស់អតីតយុទ្ធជនក្នុងការបំពេញភារកិច្ច ស្វែងរកសន្តិភាពជូនប្រជាជន៕