អភិបាលខេត្តកំពង់ចាមអំពាវនាវ ដល់គ្រប់អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់ អនុវត្តការដាំដុះដើមឈើគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនដើម្បីលើកកម្ពស់វិស័យព្រៃឈើ ឲ្យកាន់តែរីកចំរើនទ្វេរឡើង ថែមមួយកម្រិតទៀត


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ ចំពោះ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គអង្គភាពនានា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាយកចិត្តទុកដាក់ អនុវត្តការដាំដុះដើមឈើ គ្រប់ប្រភេទឲ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យព្រៃឈើឲ្យកាន់តែរីកចំរើនទ្វេរឡើងថែមមួយកម្រិតទៀត៕ អភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ ក្នុងពិធីប្រារព្ធដាក់ដាំ និងចែកចាយកូនចម្រុះឈើប្រមាណ ៣.៥០០ដើម ដល់វត្តអារាម អង្គភាព គ្រឹស្ថានសិក្សា  និងប្រជាពលរដ្ឋ នៅក្នុងឱកាស នៃការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា រៀបចំនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំនេះ ។

លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងថា កន្លងមក ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម បានបង្កើតសួនអាពាហ៍ពិពាហ៍ ១កន្លែង នៅក្នុងស្រុកព្រៃឈរ និង ១កន្លែង ទៀត នៅក្នុងវត្តនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្រាប់ឲ្យថ្នាក់ដឹកនាំ និងជាឱកាសជូនដល់គូស្រករ ដាំដើមឈើ ទុកជាអនុស្សាវរីយ៍ ។ គិតត្រឹមខែ ឆ្នាំ២០១៩ នេះ រដ្ឋបាលព្រៃកំពង់ចាម បានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទ បានចំនួន ៧៧.៧៣៣ដើម កូនឈឺហូបផ្លែចំនួន ៩.១៦៨ដើម ចែកចាយកូនឈើ ដល់វត្តអារាម អង្គភាព សាលារៀន និងដល់ប្រជាពលរដ្ឋ សម្រាប់ដាំដុះ បានចំនួន ៣៨.៩៥៤ដើម ។ ដោយឡែក ការប្រារព្ធពិធីបុណ្យរុក្ខទិវាថ្ងៃនេះ យើងបានជ្រើសរើសយកប្រភេទឈើល្អ មានតម្លៃសម្រាប់ដាំដុះ ដែលមានកូនឈើ សរុបចំនួន ១.៥០០ដើម ជាប្រភេទឈើក្រញូង កូនគគីរ ធ្នុង នាងនួន ។ ក្រៅពីនោះ កូនឈើ ចំនួន ២.០០០ដើម ទៀត ដើម្បី ចែកចាយដល់មន្ទីរ អង្គភាព សាលារៀន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ផងដែរ ។

ឯកឧត្តមអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សាបាននូវលំនឹង ដែលមានមុខងារជាច្រើន ដូចជា ៖ រក្សានិយ័តកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្ដល់ផលអនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ភាសាជីវៈចម្រុះនិងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាទីជម្រក ដ៏សុខសាន្ត ចំពោះ សត្វគ្រប់ប្រភេទ ដែលមានជីវិត នៅលើពិភពផែនដីយើងនេះ ។ យ៉ាងណាម៉ិញ ការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហាដែលបង្កឱ្យដីបាត់បង់ជីជាតិ នឹងងាយកើតមានឡើង នូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ។  ឯកឧត្ដមបានចាត់ទុកថា សកម្មភាព នៃការកាប់ឆ្ការ រានទន្ទ្រានយកដីព្រៃឈើ ព្រៃលិចទឹក ដើម្បី ដាំដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេង ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអនុវត្តតាមក្បួនខ្នាតបច្ចេកទេស ជាហេតុចម្បង នាំឲ្យវិនាសហិនហោចធនធានធម្មជាតិ បាត់បង់មុខងារព្រៃឈើ ដែលមានប្រយោជន៍មួយចំនួន ដូចបានរៀបរាប់ខាងលើ និងមិនត្រូវអនុញ្ញាតឡើយ ។

ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា យើងទាំងអស់គ្នា បានជ្រាបហើយថា ពិធីបុណ្យរុក្ខទិវាវប្បធម៌ឧត្តមកើតមានតាំងតែពីឆ្នាំ១៩៥២ មក ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេស ដើម្បី ថែរក្សាការពារ និងបណ្ដុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ។ ជាមួយនោះ រាជរដ្ឋាភិបាលកម្ពុជា  បានចាត់តាំង ការប្រារព្ធពិធីនេះឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ កក្កដា ផងដែរ ។ ដោយឡែក នៅក្នុងខេត្តកំពង់ចាម បានប្រារព្ធទិវាខាងលើ តាំងពីឆ្នាំ១៩៩០ គិតមកដល់ពេលនេះបានរៀបចំ ចំនួន ២៦លើក រួចមកហើយ រាប់ទាំង លើកនេះ ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ចំពោះ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គអង្គភាពនានា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាយកចិត្តទុកដាក់ អនុវត្តការដាំដុះដើមឈើ គ្រប់ប្រភេទ ឲ្យបានកាន់តែច្រើន ដើម្បី លើកកម្ពស់វិស័យព្រៃឈើ ឲ្យកាន់តែរីកចំរើនទ្វេរឡើង ថែមមួយកម្រិតទៀត៕