ជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម Sarayut Boonjue អនុព័ន្ធយោធា នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា


ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម Sarayut Boonjue អនុព័ន្ធយោធា នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការ ចំពោះទស្សនកិច្ចសិក្សា និងការដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមករបស់កីឡាករ កីឡាការិនីហែលទឹកនៃប្រទេសទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងផងដែរ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនកីឡាករ កីឡាការិនីហែលទឹកនៃប្រទេសទាំងពីរ ទៅទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅ មកសំដៅពង្រឹងសមត្ថភាពរបស់ពួកគេឱ្យបានគ្រប់គ្រាន់ និងពេញលេញ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការលើកឡើងរបស់ឯកឧត្ដម Sarayut Boonjue ដែលមានបំណងបង្កើតកិច្ចសហប្រតិបត្តិការលើទស្សកិច្ចសិក្សារបស់កីឡាករ កីឡាការិនីហែលទឹករបស់ប្រទេសទាំងពីរ ដើម្បីឱ្យពួកគេបានដកស្រង់បទពិសោធន៍ គ្នាទៅវិញទៅមក។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីថៃទទួលបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីហែលទឹកកម្ពុជានៅប្រទេសថៃ និងបានស្នើសុំផ្ដល់គ្រូបង្វឹកថៃ មកបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីកម្ពុជា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្ដម Sarayut Boonjue បានបង្ហាញចំណាប់អារម្មណ៍ចំពោះការលើកឡើងនេះ ហើយឯកឧត្ដមនឹងយកសំណើនេះទៅជម្រាបជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេច៕