សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្លែងសុន្ទរកថាក្នុងពិធីបើក សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥


ថ្លែងក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សបានលើកឡើងថា សភាពការណ៍ទូទៅរបស់ពិភពលោក ក៏ដូចជាក្នុងតំបន់មានការវិវត្តប្រែប្រួលជាខ្លាំង ទំាងផ្នែកនយោបាយ សន្តិសុខ យោធា និងសេដ្ឋកិច្ច។ សម្តេចចក្រីបានគូសបញ្ជាក់ថា សភាពការណ៍នៅកម្ពុជាមានការវិវត្តគួរឲ្យកត់ សម្គាល់ ដោយមានទាំងលក្ខណៈអំណោយផលងាយស្រួល និងមានទាំងការលំបាក ស្មុគស្មាញផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែម្ចាស់ការលើការដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយថាមពល ហើយបង្កបង្កើតបានជាឱកាសដ៏ប្រសើរសម្រាប់ដំណើរការជាតិបន្តបោះជំហានទៅមុខតាមវិថីនៃការអភិវឌ្ឍជានិច្ច ដោយមិនមានកម្លាំងអានុភាពអាក្រក់ណាមួយអាច មករារាំងបានឡើយ។
ព្រមជាមួយគ្នានេះ សម្តេចចក្រី ហេង សំរិន បានក្រើនរំព្ញកដល់អង្គសន្និបាតថា នៅសល់តែបីសប្តាហ៍ទៀតប៉ុណ្ណោះ ដល់ពេលប្រារព្ធខួបលើកទី៣៨ នៃទិវាបុណ្យ៧មករា ដែលប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជនសាសន៍។ សម្តេចបានបន្តថា ៣៨ឆ្នាំគឺរយៈពេលដ៏យូរ ប៉ុន្តែដោយសារតែយើងជាប់រវល់មមាញឹកនឹងភារកិច្ចស្តា កសាង ការពារ ស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជារៀងរហូតមក បានធ្វើឲ្យយើងភ្លេចអស់ពេលវេលា ហើយនឹកឡើងវិញនូវអ្វីៗដែលយើងបានធ្វើកន្លងមក ហាក់ដូចជានៅថ្មីៗនៅឡើយ។ បន្ទាប់ពីបានពុះពារឆ្លងកាត់នូវឧបសគ្គគ្រប់បែបយ៉ាង រហូតដល់មានការធ្វើពលីកម្មលះបង់អាយុជីវិតជាច្រើនផងនោះ ទើបធ្វើឲ្យយើងអាចនាំនាវា កម្ពុជាមកដល់ចំណុចដូចសព្វថ្ងៃដែលយើងមិននឹកស្មានដល់។
ជំនួសមុខឲ្យអង្គសន្និបាតទាំងមូល សម្តេចចក្រី ហេង សំរិន បានអបអរសាទរ និងស្វាគមន៍ដ៏ស្មោះស្ម័គ្របំផុតចំពោះជនរួមជាតិទាំងអស់នៅគ្រប់ទិសទី ដែលបាន ចូលរួមតាមគ្រប់មធ្យោបាយ ដើម្បីជួយដល់ប្រជាជាតិកម្ពុជាឲ្យមានការរីកចម្រើនគ្រប់ វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ព្រមជា​មួយនេះ សម្តេចចក្រី ហេង សំរិន បានថ្លែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារចុះ ជួយមូលដ្ឋាន មន្រ្តី និងសមាជិក សមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹង ប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។