ប្រធានអាជ្ញាធរជាតិអប្សរា ចុះតាមដានការងារជួសជុលព្រះវិហារនៅវត្តរាជបូណ៌និងការកសាងកុដិនៅវត្តលលៃ


នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញភារកិច្ចនាខេត្តសៀមរាប លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យនិងតាមដានការវិវត្តនៃដំណើរការជួសជុលព្រះវិហារវត្តរាជបូណ៌។

ក្នុងពេលអញ្ជើញត្រួតពិនិត្យនោះ លោកជំទាវរដ្ឋមន្រ្តី បានអញ្ជើញចូលក្រាបថ្វាយបង្គុំព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ដើម្បីទូលថ្វាយព្រះអង្គអំពីការវិវត្ត និងផែនការសកម្មភាពដើម្បីជំរុញពន្លឿនការជួសជុលព្រះវិហារ។

ដោយឡែក នៅព្រឹកថ្ងៃដដែល លោកជំទាវក៏បានអញ្ជើញចុះពិនិត្យការកសាងកុដិចំនួន១ខ្នងក្នុងវត្តលលៃដើម្បីសម្រួលដល់ការគង់អាស្រ័យរបស់ព្រះសង្ឃដែលបានស្ម័គ្រព្រះទ័យនិមន្តពីទួលប្រាសាទលលៃមកគង់នៅបរិវេណខាងក្រោមនៃប្រាសាទលលៃវិញ៕