សន្និបាតCPP បន្តរក្សាជំហរម៉ឺងម៉ាត់អនុវត្តវប្បធម៌សន្ទនា តែគ្មានប្រធានបទលើកលែងទោសមេបក្យប្រឆាំឡើយ


ភ្នំពេញ ក្នុងចំណោមលទ្ធផលស្នូលទាំង១២ ដែលសម្រេចបានក្នុងសន្និបាតរយៈពេលពីរថ្ងៃ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួននៅតែបន្តរក្សាជំហរស្មោះសរ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តវប្បធម៌សន្ទនាជាមួយគណបក្សមានអាសនៈនៅរដ្ឋសភា ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ បើទោះបីក្នុងសន្និបាតគណបក្ស ដែលកំពុងកាន់អំណាចនិយាយដល់ការពង្រឹងវប្បធម៌សន្ទនា តែមិនបាននិយាយដល់ការសម្របសម្រួលលើកលែងទោសឲ្យ ប្រធានបក្សប្រឆាំងលោក សម រង្ស៊ី នោះឡើយ។
យោងតាមលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជន ដែលផ្សព្វផ្សាយក្រោយបញ្ចប់សន្និបាត នាថ្ងៃទី១៨ ខែធ្នូ ម្សិលមិញ បានបញ្ជាក់ថា «អង្គសន្និបាតរក្សាជំហរស្មោះសរ ម៉ឺងម៉ាត់ ក្នុងការអនុវត្តវប្បធម៌សន្ទនាជាមួយគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា រួមគ្នាបម្រើប្រទេសជាតិ និងប្រជាជន ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងការគោរពគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»
ក្រៅពីការពង្រឹងវប្បធម៌សន្ទនាហើយនោះ គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយបណ្តាគណបក្ស អង្គការសង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិ។
គណបក្សប្រជាជនកម្ពុជា បានបង្ហាញការជឿជាក់ថា មានតែកិច្ចសហការគ្នាប្រកបដោយភាពស្មោះត្រង់ ហើយជ្រោងខ្ពស់នូវទង់ប្រជាធិបតេយ្យជាតិប៉ុណ្ណោះ ទើបអាចធានាបាននូវលទ្ធផលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាន ក្រោយបញ្ចប់សន្និបាតបក្សថា វប្បធម៌សន្ទនា គឺជាកិច្ចការដែល គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស បានធ្វើតាំងពីមុនការបោះឆ្នោតអាណត្តិទី១ មកម្ល៉េះ។ ឯត្តមបន្តទៀតថា ព្រោះតែការប្រកាន់ យកគោលការណ៍វប្បធម៌សន្ទនានេះហើយ ទើបធ្វើឲ្យមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស និងការនាំយកកងទ័ពខ្មែរក្រហមជ្រកតាម ជាយដែនមកជ្រកក្រោមដំបូល រាជរដ្ឋាភិបាលនាំឲ្យប្រទេសជាតិមានសន្តិភាព និងបញ្ចប់សង្រ្គាមបានទាំងស្រុងរហូតដល់ពេលបច្ចុប្បន្ន។
ឯកឧត្ត សុខ ឥសាន្ត បានបញ្ជាក់យ៉ាងដូច្នេះ «គណបក្សប្រជាជនកម្ពុជា មើលឃើញយ៉ាងច្បាស់អំពីសារៈប្រយោជន៍ នៃវប្បធម៌សន្ទនា ហើយគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់តាំងពីដើមមក។ ព្រោះតែការប្រកាន់យកវប្បធម៌សន្ទនានេះហើយ ទើបយើងអាចស្វែងរកនូវសុខសន្តិភាព​ និងបញ្ចប់ភ្លើងសង្រ្គាមនៅក្នុង ប្រទេសមកដល់បច្ចុប្បន្ននេះ»
បើទោះបីជាគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា ជាមួយគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា តែសន្និបាតរយៈពេលពីរថ្ងៃនេះ គណបក្សកំពុងកាន់អំណាច និងជាដៃគូពិភាក្សាការងារជាមួយគណបក្សសង្រ្គោះជាតិនោះ មិនបាននិយាយដល់ការសម្របសម្រួលផ្នែកនយោបាយណាមួយ ដើម្បីបើកផ្លូវឲ្យលោក សម រង្ស៊ី មានសិទ្ធិសេរីភាពរួចផុតពីទោសទណ្ឌនោះឡើយ។
ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់ថា «សន្និបាតរយៈពេលពីរថ្ងៃនេះ យើងនិយាយតែរឿងរបស់យើង។ យើងមិនបាននិយាយដល់រឿងអ្នកដទៃនោះឡើយ»
ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់ទៀតថា បើទោះបីគណបក្សប្រជាជនកម្ពុជា ប្រកាន់យកវប្បធម៌សន្ទនា តែក៏មិនអាចរំលោភបំពានទៅលើច្បាប់រដ្ឋបាននោះឡើយ ហើយក៏មិនអាចយកករណីទណ្ឌិត សម រង្ស៊ី ដែលកំពុងជាប់ទោសមកទូទាត់លាត់សើយ តាមរយៈការសន្ទនាផ្នែកនយោបាយនោះឡើយ៕