អភិបាលរងខេត្តមណ្ឌលគិរី ណែនាំដល់ប្រជាពលរដ្ឋ ត្រូវទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឱ្យបានច្បាស់លាស់ ដែលមន្រ្តីជំនាញបានបិទផ្សាយជាសាធារណៈ ដោយកំណត់រយៈពេល១៥ថ្ងៃ ដើម្បីឱ្យអ្នកពាក់ព័ន្ធធ្វើការតវ៉ា


មណ្ឌលគិរី៖ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ ត្រូវទៅត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ទំហំ និងរូបរាងក្បាលដី ឱ្យបានច្បាស់លាស់ ដែលមន្រ្តីជំនាញបានបិទផ្សាយជាសាធារណៈ ដោយកំណត់រយៈពេល១៥ថ្ងៃ ដើម្បីឱ្យអ្នកពាក់ព័ន្ធធ្វើការតវ៉ា លោក ប៉េង សម្បត្តិ បានថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិដោះក្រមុំ ដែលប្រព្រឹត្តទៅនៅសាលាសង្កាត់សុខដុម ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានបញ្ជាក់ថា ដោយមានការគាំទ្រពីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បន្តក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ទន្រ្ទានយកដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់។ លោក អភិបាលរងខេត្ត បន្ថែមថា ការអនុវត្តលើវិស័យដីធ្លីនេះ គឺជាកាតព្វកិច្ចរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ដំណើរការអនុវត្ត រហូតឈានដល់ការសម្រេចបាននូវលទ្ធផលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ។ លោក បញ្ជាក់បន្ថែមទៀតថា ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ពិតជាត្រឹមត្រូវឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងអំឡុងពេល១៥ថ្ងៃ។
តាមការបញ្ជាក់របស់លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តមណ្ឌលគិរី បានឱ្យដឹងថា មន្ទីរមានមន្រ្តីក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន២ក្រុម ស្មើនឹង៣០រូប ដែល១ក្រុម អនុវត្តការងារភូមិដើមស្រល់ សង្កាត់សុខដុម ឯ១ក្រុមទៀត អនុវត្តនៅភូមិឡៅការ សង្កាត់សុខដុម ដោយឡែក សម្រាប់ក្បាល់ដីដែលនឹងប្រកាសបិទផ្សាយនាពេលនេះ មានក្បាលដីសរុបចំនួន៩០៨ក្បាលដី ដែលមានទំហំផ្ទៃដីសរុបស្មើនឹង៥០៤.៨៩ហិកតា ស្មើនឹង៥១៦គ្រួសារ។ លោក បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ៕