រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពី ការបង្កើតធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីជាប្រភពទុន អភិវឌ្ឍន៍ប្រទេសជាតិ


រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៥ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្ត ពេលផ្តើមសម័យប្រជុំដំបូងចំនួន ៩៨​រូប។
នៅព្រឹកនេះ រដ្ឋសភាបានលើកយករបៀបវារៈចំនួន០៣ មកពិភាក្សានិងអនុម័តដែល​មាន​របៀប​វារៈ​ទី១ ការពិ​ភាក្សា​និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច​ព្រម​ព្រៀងស្តីពី​ការបង្កើត​ធនាគារ​ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។របៀប​វារៈទី២ ការពិភាក្សានិងអនុម័ត សេចក្តី​ព្រាង​ច្បាប់ស្តីពីការ​ទូទាត់​ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤ និងរបៀបវារៈទី៣ គឺការ​ពិភាក្សា និងអនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី គណនេយ្យ និងសវនកម្ម។
ជាដំបូងអង្គសភាបានលើកយកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ​ព្រម​ព្រៀងស្តីពី​ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មកពិភាក្សា និងអនុម័ត។ ​សេចក្ដីព្រាង​ច្បាប់​នេះ មាន​៣មាត្រា ដែលមាន ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិង​សវនកម្មនៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពី លទ្ធផលនៃការ​ពិនិត្យ​ សិក្សា​សេចក្ដីព្រាងច្បាប់ និង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងសហការី តំណាងរាជរដ្ឋាភិបាល ជា​អ្នកការពារសេចក្ដីព្រាងច្បាប់។
នៅក្នុងសេចក្ដីថ្លែងហេតុរបស់ រាជរដ្ឋាភិបាលបានឲ្យដឹងថា វិស័យហេដ្ឋារចនាសម្ព័ន្ធ​ គឺជា​មូលដ្ឋាន​គ្រឹះ ​​សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហេតុ​នេះ​រាជរដ្ឋាភិបាល ត្រូវតែ​ខិតខំកៀងគរទុនវិនិយោគសាធារណៈសម្រាប់ស្ដារ និងអភិវឌ្ឍវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធគមនាគមន៍ និង​​ការកសាងប្រព័ន្ធឡូជិស្ទីកដ៏រស់រវើក ក្នុងគោលដៅធានាឲ្យបាននូវ​ការតភ្ជាប់ ផ្ទៃក្នុងប្រទេស និងការត​ភ្ជាប់​​​​ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីទ្រទ្រង់​កំណើន​សេដ្ឋកិច្ចរយៈពេលវែង។​
ក្នុងទស្សនៈ ​នេះ​រាជ​រដ្ឋាភិបាលចាត់ទុក ការចូលរួមជា​សមាជិកស្ថាបនិក ​ក្នុង​ការបង្កើតធនាគារ​វិនិ​យោគ​​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅកាត់ថា AIIB ( Asian Infrastructure Investment Bank ) នឹងផ្ដល់ឲ្យ​កម្ពុជាក្នុងរយៈពេលមធ្យម និងវែង នូវប្រភពហិរញ្ញប្បទានថ្មី បន្ថែម​លើហិរញ្ញប្ប​ទាន​ពីប្រភព​ដៃគូអភិវឌ្ឍន៍​នានាដែលមានស្រាប់។ ​លើសពីនេះ​ទៀតលក្ខណៈពិសេស​មិនអាច​មើល​រំលងបាន​ពី​ធនា​គារនេះ គឺ​មានបេសកកម្មផ្ដល់​ហិរញ្ញប្បទាន​​​ផ្ដោតតែ​លើវិស័យហេដ្ឋា​រចនា​ សម្ព័ន្ធអាស៊ី និងវិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ដែលឆ្លើយតបទាំងស្រុង​ចំពោះ​​តម្រូវ​​ការ​​អាទិភាព ក្នុងបរិការណ៍​នៃ​ការ​ផ្លាស់ប្ដូរ​សេដ្ឋ​កិច្ច-សង្គមរបស់កម្ពុជា។
សេចក្តីថ្លែងហេតុ បានបញ្ជាក់ថា ដោយ​មើលឃើញ​ពីសារៈ​សំខាន់​​នៃ​ ធនាគារវិនិយោគហេដ្ឋា​រចនាសម្ព័​ន្ធ​អាស៊ី​ ចំពោះកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចនឹង​ដាក់ទុន​​ក្នុងកម្រិត ប្រហាក់​ប្រហែល​នឹងទុន​ដែលបានដាក់ក្នុងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអោយ​សំលេង​កម្ពុជា​​​​​​មាន​ទំងន់​គ្រប់គ្រាន់​ សម្រាប់​ការពា​រផល​ប្រយោជន៍​របស់​ខ្លួន អោយបានជាអតិបរមា​ក្នុងធនាគារAIIB។
រាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុថា កម្ពុជានឹងត្រូវទិញភាគហ៊ុនចំនួន៦២៣ ភាគ​ហ៊ុន ស្មើនឹង០,០៦៣៥% នៃដើមទុនសរុប ដែលមានតម្លៃ៦២,៣០ លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀង កម្ពុជាត្រូវបង់ដើមទុនដំបូងចំនួន ១២,៤៦លានដុល្លារអាមេរិក ជាដំណាក់កាល ក្នុងរយៈពេល១០ឆ្នាំ ចាប់ពី ឆ្នាំ២០១៥ ដែលក្នុងមួយឆ្នាំត្រង់បង់ចំនួន ១ ២៤៥ ០០០ដុល្លារ។
សូមបញ្ជាក់ថា កិច្ច​ព្រម​ព្រៀងស្តីពី​ ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មាន​១១ជំពូក ចែកចេញជា៦០មាត្រា ចំណែក សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការ​ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មានចំនួន៣មាត្រា ត្រូវបាន រដ្ឋសភា អនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ ទំាង​មូលចំនួន៩៣ សំឡេង៕
National Assembly 15-01-20161 (1)      National Assembly 15-01-20161 (2)
National Assembly 15-01-20161 (3)     National Assembly 15-01-20161 (4)
National Assembly 15-01-20161 (5)