កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ លើផ្ទៃដីទំហំ ៣២ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង (ម្ចាស់​គម្រោង) និងសិក្សាវាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន និង​សង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវអនុរដ្ឋលេខាធិការ លោក និងលោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរបរិស្ថាន​ខេត្ដកំពត និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
1- គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍
2- សូមក្រុមហ៊ុនចូលរួមដាំដើមឈើឱ្យបានច្រើននៅជុំវិញទីតាំងគម្រោង
3- សូមក្រុមហ៊ុនមានផែនការគ្រប់គ្រងលើការប្រើប្រាស់ទឹកក្រោមដី
4-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានល្អ និងសំណូមពមានអាងប្រព្រឹត្ដកម្មសំណស់រាវ
5-សូមក្រុមហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ចាប់យកភាគល្អិតចេញពីចំហេះ 6-ក្រុមហ៊ុនត្រូវមានឧបរណ៍សុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករប្រើប្រាស់ និងមានផែនការត្រួតពិនិត្យសុខភាពបុគលិក-កម្មករជាប្រចាំ
7- ការដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍
8- សូមក្រុមហ៊ុនពិនិត្យពីការបង្កើនមូនិធិបរិស្ថាន និងសង្គម