មិនត្រូវធ្វេីជាមន្ត្រីគ្រាប់ល្ពៅ​ ប្រភេទទីមួយ​ និងត្រូវអនុវត្តតាមអនុសាសន៍​ ១១ចំណុច​ របស់​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ អោយបានខ្ជាប់ខ្ជួន​


រសៀលថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូននៃបណ្ដាខេត្តមួយចំនួន និងថ្នាក់ដឹឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង សរុបប្រមាណ៩០នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការសាងសង់ផ្លូវនីមួយៗ ដូច្នេះមន្ត្រីសាធារណការ និងដឹកជញ្ជូនដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល ត្រូវតាមដាន ថែទាំជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានដិតដល់ និងប្រកាន់យកទស្សនៈធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីពីគម្រោងសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវល្បឿនលឿន កំពង់ផែ ស្ពាន និងហេដ្ឋារចនាសម្ព័នដឹកជញ្ជូនជាច្រើនទៀត។ សមិទ្ធផលទាំងនេះបានប្រសូតចេញពីសុខសន្តិភាព និងបានចូលរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរឹងមាំក្នុងរង្វង់៧%។ ដូចនេះយើងត្រូវរក្សាសុខសន្តិភាពនេះឱ្យបានជាដាច់ខាតលុះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តការអភិវឌ្ឍតទៅទៀត សំដៅសម្រេចឱ្យបាននូវការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា៖ ទោះផ្លូវយើងល្អប៉ុណ្ណាក៏ដោយ បើមានការដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ផ្លូវនោះមិនអាចប្រើប្រាស់បានយូរអង្វែងឡើយ ព្រោះថាតាមរូបមន្តរបស់ ធនាគារពិភពលោក បើមានឡានមួយគ្រឿងដឹកជញ្ជូនលើសទម្ងន់១០តោន នៅលើផ្លូវនោះ គឺស្មើនឹង រថយន្តចំនួន១ម៉ឺនគ្រឿងកំពុងធ្វើដំណើរនៅលើផ្លូវនោះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាបច្ច័យបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ដែលតម្រូវឱ្យយើងទាំងអស់គ្នាចូលរួមប្រើយន្តការគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖ មន្ត្រីគឺជា អ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រទេ ដូចនេះ យើងត្រូវរិះរកគ្រប់មធ្យោបាយ និងនីតិវិធី ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនជាងមុនទ្វេដង។​ ត្រូវអនុវត្តអោយបានខ្ជសប់ខ្ជួន​ អនុសាសន៍​ ១១ចំណុច​ របស់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរពីនីតិវិធី និងយន្តការមួយចំនួនក្នុងការផ្ដល់សេវាឱ្យបានលឿន ដូចជា៖ ការប្រឡងយកបណ្ណបើកបរ និងការបំពេញឯកសារសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តតាមប្រព័ន្ធអនឡាញ និងឆៀកចល័ត ជាពិសេស ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមរាយការណ៍ពីជង្ហុកសំបុកមាន់ ដើម្បីឱ្យក្រុមការងារ ចុះមកជួសជុលទាន់ពេលវេលា ទប់ស្កាត់ការខូចរាលដាលកាន់តែធំដែលនាំឱ្យចំណាយថវិកាកាន់តែច្រើន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍ក្រើនរំលឹកដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីទាក់ទងនឹងមន្ត្រីគ្រាប់ល្ពៅទាំង៤ប្រភេទ ដែលរួមមាន៖ មន្រ្តីប្រភេទទី១ បានទូលស្តេចថា៖ គ្រាប់ល្ពៅដែលស្តេច ប្រទានគឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រដែរ ប៉ុន្តែកងការពារព្រះរាជវាំងមិនឱ្យចូល មន្រ្តីប្រភេទទី២ បានទូលស្តេចថា៖ គ្រាប់ល្ពៅដែលស្តេចប្រទានគឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ មន្រ្តីប្រភេទទី៣ បានទូលស្តេចថា៖ គ្រាប់ល្ពៅ ដែលស្តេចប្រទានត្រូវ កណ្តុរស៊ីអស់ អត់បានដាំទេ និងចុងក្រោយមន្រ្តីប្រភេទទី៤ បានទូលស្តេចដោយត្រង់ៗថា៖ គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ មិនអាចដាំដុះបានទេ ហើយឯកឧត្តមទេសរដ្ឋមន្ត្រីបានក្រើនរំលឹកថា៖ ហាមដាច់ខាតកុំធ្វើខ្លួន ជាមន្ត្រីប្រភេទទី១៕