ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញា ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ


កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តអនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង នឹងនារីភេទ” (ស៊ី.ដ CEDAW) ថ្នាក់តំបន់ ក្រោមប្រធានបទ ៖ ការលើកកម្ពស់សមភាព អាពាហ៍ពិពាហ៍ក្នុងគ្រួសារ និងច្បាប់ពាក់ព័ន្ធ។

ក្នុងពិធីនោះ លោកស្រីអភិបាលខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ដើម្បីបំពេញមុខនាទី និងអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាពទៅបាន ទាមទារឲ្យមានការយល់ដឹងពីច្បាប់បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ជាពិសេសយល់ដឹង ពីការគ្រប់គ្រងឲ្យបានច្បាស់លាស់ ទៅតាមមុខនាទីរបស់ខ្លួន ដូចដែលមាន ចែងក្នុងលិខិតបទដ្ឋានគតិយុត្ត នោះទើបយើងអាចប្រើប្រាស់សិទ្ធិរបស់យើងបានត្រឹមត្រូវ។

ដូច្នេះដើម្បីសម្រេចបាននូវតួនាទី និងភារកិច្ចទាំងនេះ វាទាមទារឲ្យមានការចូលរួមទាំងបុរស និងស្ត្រី ដើម្បីបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។

លើសពីនោះដែរលោកស្រី មិថុនា ភូថង ក៏សូមអោយសិក្ខាកាមទាំងអស់ ចូលរួមឱ្យបានពេញលេញក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងសូមយកឱកាសដ៏មានតម្លៃនេះ ស្វែងយល់ពីគ្រូឧទ្ទេសនាម ហើយត្រូវសួរនូវចម្ងល់ ឬចំណុចណាមួយដែលយើងមិនទាន់ច្បាស់លាស់ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមកឲ្យបានផុលផុស ដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ក្រោមជាតិ ដូចធ្វើការ ផ្សារភ្ជាប់ការអនុវត្តអនុសញ្ញា ស៊ី.ដ (CEDAW) ទៅនឹងការអនុវត្តជាក់ស្ដែង នៅក្នុងតួនាទីរបស់យើងគ្រប់គ្នា៕