ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋបេឡារុស


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋបេឡារុស ដឹកនាំដោយឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋបេឡារុស ដែលបានផ្គត់ផ្គង់គ្រឿងយន្តកសិកម្មមកប្រជាកសិករកម្ពុជាប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ចំពោះស្ថានភាពក្នុងវិស័យកសិកម្មបច្ចុប្បន្ន កម្ពុជាបានវិវឌ្ឍន៍ពីការប្រើប្រាស់កម្លាំងអូសទាញដោយគោ ក្របី មកការប្រើប្រាស់គ្រឿងយន្តបានជាង ៩៧% ទៅហើយ ដែលនេះគឺជាយន្តការអាទិភាពក្នុងការលើកកម្ពស់ទំនើបកម្មកសិកម្ម និងយន្តុពាណិជ្ជកម្មកសិកម្ម នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង។ មួយវិញទៀត ការវិវឌ្ឍន៍រីកចម្រើននៃការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនេះ បានបង្កើនការប្រកួតប្រជែងជាខ្លាំងរវាងក្រុមហ៊ុនដែលផលិតគ្រឿងយន្ត ហើយទាមទារឲ្យមានការដាក់ចេញនូវបច្ចេកវិទ្យាថ្មីទំនើបជាបន្តបន្ទាប់ ដែលត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដល់ភាគីបេឡារុសថា គួរពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រឿងយន្តដែលមានបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រមូលផល និងក្រោយប្រមូលផល ធ្វើយ៉ាងណាបង្កើនភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ និងភាពប្រកួតប្រជែងដល់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមិនផ្តោតទៅលើតែការផ្គត់ផ្គង់គ្រឿងយន្តកសិកម្មមកកម្ពុជានោះទេ ដោយស្នើឲ្យភាគីបេឡារុសពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគលើការកែច្នៃ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅបរទេស។

ជាការឆ្លើយតប ឯកឧត្តម Svidersky ឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយលោកបានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបេឡារុស ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែក ទី២៥-២៦ នៅខេត្តសៀមរាប នឹងផ្តល់ឱកាស និងផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យតាមគោលដៅរំពឹងទុក ជាពិសេសលើវិស័យកសិកម្មនេះតែម្តង។ ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ឯកឧត្តម Svidersky ក៏បានជម្រាបជូនជ្រាបថា លោកអញ្ជើញ និងស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី ដឹងនាំគណៈប្រតិភូដែលមានមន្ត្រីជំនាញ និងវិស័យឯកជនទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងសិក្សា ស្វែងយល់បន្ថែមពីការគ្រប់គ្រង អភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្មនៅសាធារណរដ្ឋបេឡារុសនាពេលឆាប់ៗខាងមុខនេះ។

លទ្ធផលសំខាន់ៗដែលទទួលបានពីកិច្ចប្រជុំនាព្រឹកនេះរួមមាន៖

ទី១. សហការក្នុងការសិក្សា ស្រាវជ្រាវអំពីតម្រូវការនៃគ្រឿងយន្ត និងបច្ចេកវិទ្យាថ្មីទំនើបរវាងមន្ត្រីជំនាញក្រសួង និងក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់គ្រឿងយន្តមកពីសាធារណរដ្ឋបេឡារុស ធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងតម្រូវការ និងទីផ្សារកម្ពុជា។

ទី២. ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់បន្ថែមលើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម រួមជាមួយការងារគ្រប់គ្រង អភិវឌ្ឍន៍ និងស្តារព្រៃឡើងវិញ។

ទី៣. ឯកភាពក្នុងការបង្កើតយន្តការដើម្បីជំរុញការធ្វើពាណិជ្ជកម្មកៅស៊ូកម្ពុជាទៅសាធារណរដ្ឋបេឡារុស។

ទី៤. ភាគីទាំងពីរបានឯកភាពគ្នារៀបចំ និងចូលរួមការធ្វើពិព័រណ៍គ្រឿងយន្តកសិកម្មនាពេលខាងមុខ។