កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤​ ខែ កក្កដា ឆ្នាំ២០១៩នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២​របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លី សំរឹទ្ធ អភិបាលរងខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី​ ២នេះ មានចំនួន​ ១២ចំណុច និង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាល សាលាខេត្ត ។

ឯកឧត្តម អ៊ឹង ហឿន បានគូសបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣​ ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ននានា សំដៅឆ្ពោះទៅរកមូលដ្ឋាន បម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត កែលម្អ នូវរាល់ភាពអសកម្មនានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជៀសវាងឲ្យបាន ការបង្ករឲ្យមានភាពថ្នាំងថ្នាក់ ដែលជាមូលហេតុនៃការកើតឡើង និង ជះឥទ្ធិពលមិនល្អដល់គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និង ប្រសិទ្ធភាព ។

នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ ក៏បានលើកយកមកពិនិត្យ ពិភាក្សា និង អនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៃការអនុវត្ត របស់រដ្ឋបាលខេត្ត និង សេចក្តីព្រាងស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និង ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ខេត្ត ព្រមទាំងសេចក្តីណែនាំការស្ម័ត្រចិត្តចូលជាសមាជិក (មូលនិធិមរណៈសង្រ្គោះក្រុមប្រឹក្សារាជធានី ខេត្ត ) និង សេចក្តី ព្រាងសេចក្តីសម្រេច ស្តីពីការទទួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស និង គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត និង ការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត ។

ឆ្លងតាមការអនុម័តនៃកិច្ចប្រជុំសាមញ្ញលើកទី២​ រួចមក ឯកឧត្តម អ៊ឹង ហឿន ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ។ ក្នុងនោះឯកឧត្តមក៏បានលើកឡើងពី នីតិវិធីរដ្ឋាបាល ក្នុងការតែងតាំងមន្ត្រីរាជការផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែល រាជរដ្ឋាភិបាលកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ ។

ក្នុងឱកាសនោះដែរ ក៏មានធ្វើកិច្ចប្រជុំជាសម្ងាត់ ដើមី្បធ្វើការពិនិត្យ ពិភាក្សា និង ធ្វើការវាយតម្លៃលក្ខណសម្បត្តិមន្ត្រី រាជការ ដែលស្នើសុំតែងតាំងមុខតំណែង នៅក្នុងរចនាសម្ព័ន្ធសាលាខេត្តផងដែរ៕