ទីប្រឹក្សាសម្ដេចហេង សំរិន លើកទឹកចិត្តឲ្យនិស្សិតរៀនភាសាចិន ដើម្បីជួយជំរុញទំនាក់ទំនង សេដ្ឋកិច្ចរវាងកម្ពុជា-ចិន


(កំពង់ចាម)៖ ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ឯកឧត្តម មួន វាសនា បានលើកទឹកចិត្តឲ្យនិស្សិតប្រឹងប្រែងរៀនភាសាចិន បន្ថែមលើភាសាអង់គ្លេស ដើម្បីជួយជំរុញទំនាក់ទំនងសង្គម និងសេដ្ឋកិច្ចរវាងកម្ពុជា-ចិន ខណៈប្រទេសចិនក៏ជាយក្សសេដ្ឋកិច្ចលេចធ្លោរលើពិភពលោកផងដែរ។

ឯកឧត្តម មួន វាសនា លើកឡើងយ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាស្ដីពី ការប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ។

ឯកឧត្តមបានថ្លែងបន្តថា កន្លងទៅ និស្សិតរបស់កម្ពុជាមានចំណាប់អារម្មណ៍សិក្សាតែភាសាអង់គ្លេស ប៉ុន្តែពេលដោយសារប្រទេសចិនមានសេដ្ឋកិច្ចកំពុងកើនឡើង ស្របពេលប្រទេសកម្ពុជាមានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយប្រទេសចិនផងនោះ និស្សិតត្រូវតែខំប្រឹងសិក្សាភាសាចិនឲ្យបានច្រើនបន្ថែមលើភាសាអង់គ្លេស។

បើតាម ឯកឧត្តម មួន វាសនា បច្ចុប្បន្ននេះលើសាកលលោកមានការប្រើប្រាស់ភាសាចិនច្រើនជាង ភាសាអង់គ្លេស ដោយហេតុថា នៅលើពិភពលោកមានជនជាតិចិនច្រើនជាងគេ ហើយសេដ្ឋកិច្ចទីផ្សារសេរីលើពិភពលោក គឺនាំមុខដោយសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសជប៉ុន។

ឯកឧត្តមថា បើតាមការទស្សន៍ទាយរបស់សេដ្ឋវិទូ រយៈពេល១០ឆ្នាំទៅមុខទៀត ប្រទេសចិនអាចក្លាយ ទៅជាមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើពិភពលោកវិញម្ដង។

ឯកឧត្តម មួន វាសនា បានបន្តទៀតថា មានតែការសិក្សាទេ ដែលជាមាគ៌ានាំឲ្យមនុស្សទៅកាន់ជោគជ័យសម្រាប់ជីវិតដ៏ប្រសើរបាន ហើយការសិក្សារៀនសូត្រក៏មិនដែលហួសពេលទេ សម្រាប់អ្នកដែលចង់មានចំណេះដឹង។

លោក Huang Zinai នាយកទំនាក់ទំនងអន្តរជាតិនៃប្រទេសចិន (HCFS) បានថ្លែងថា ដោយសារទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងកម្ពុជា និងចិន ធ្វើឲ្យមាននិស្សិតខ្មែរមានចំនួនច្រើនជាងគេ ដែលសិក្សានៅសាកលវិទ្យាល័យខេត្តហៃណាន ក្នុងចំណោមនិស្សិតបរទេសដទៃទៀត។

លោក Huang Zinai បានបញ្ជាក់ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នាពេលខាងមុខ នឹងមានអាហារូបករណ៍ច្រើន ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិនផងដែរ៕