សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យអាមេរិកពន្យល់ពីចេតនារបស់ខ្លួន ជុំវិញការចោទប្រកាន់ថាកម្ពុជាមានមូលដ្ឋានទ័ពចិននៅសមុទ្ររាម


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចបានបង្ហាញនូវការងឿងឆ្ងល់ ចំពោះសហរដ្ឋអាមេរិក ដែលចោទប្រកាន់មកលើកម្ពុជាថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។

ចំពោះការចោទប្រកាន់នេះសម្តេចតេជោ ហ៊ុន​ សែន បានចោទសួរទៅវិញថា តើការលើកឡើងថាមានមូលដ្ឋានទ័ពចិននៅសមុទ្ររាម មានចេតនាអ្វីឱ្យពិតប្រាកដ? ខណៈការចោទប្រកាន់បែបៗនេះ ធ្លាប់ធ្វើឲ្យកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងពិភពលោក រងការខ្ទេចខ្ទាំដោយសង្គ្រាម។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត ដែលមាននៅតាំងតំបន់លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ សូមបញ្ជាក់ជូនសារជាថ្មី ដល់អស់លោកអ្នកដែលបានលើកឡើង អំពីវត្តមានយោធាចិននៅកម្ពុជា តើអស់លោកនិយាយពីអ្វីពិតប្រាកដ? អស់លោកត្រូវចាំមុនឆ្នាំ១៩៧០ មុខរដ្ឋប្រហារ អស់លោកបាននិយាយពីវត្តមានកងទ័ពរំដោះវៀតណាម នៅលើទឹកដីកម្ពុជា តែប៉ុន្មានរយៈក្រោយមកអស់លោកធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ អស់លោកត្រូវចាំលើចំណុចនេះ ហើយអស់លោកក៏ត្រូវចាំនូវប្រវត្តិចោទអ៊ីរ៉ាក់ថា មានអាវុធប្រល័យលោក ដល់ពេលវាយចូលអ៊ីរ៉ាក់ តើអាវុធប្រល័យលោកទីបំផុតនៅឯណា? ស្លាប់ មនុស្សរាប់ម៉ឺននាក់នៅអឺរ៉ាក់»

សម្តេចតេជោនាយករដ្ឋមន្ត្រីចោទសួរ ចំពោះការមូលបង្កាត់កម្ពុជាមានមូលដ្ឋានទ័ពចិនទៀតថា «តើជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ទេ ក្នុងការមូលបង្កាច់បែបនេះ? តើកម្ពុជា និងចិនមានបញ្ហាអ្វីដែលត្រូវ ចាំបាច់ចុះហត្ថលេខាជាមួយគ្នាលើបញ្ហាកិច្ចព្រមព្រៀងសម្ងាត់ គ្មានត្រូវការចាំបាច់អ្វីសោះ»

សូមជម្រាបថា ថ្មីៗនេះសារព័ត៌មានបរទេស The Wall Street Journal បានចុះផ្សាយថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិន ប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម។

ប៉ុន្តែការលើកឡើងនេះត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចេញមកទាត់ចោលទាំងស្រុង និងចាត់ទុកការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជា ចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចបានថ្លែងថា គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ក្រសួងការពារជាតិរបស់មហាអំណាចចិន បានចេញមុខមកប្រកាសអះអាងថា ចិនគ្មានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាចិនឈរជើង នៅមូលដ្ឋានសមុទ្រកម្ពុជានោះឡើយ វាជាព័ត៌មានមិនពិត។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៧០នាក់ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានចុះពិនិត្យផ្ទាល់ នៅទីតាំងមូលដ្ឋានកងជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងរកការពិត ក្រោយមានការផ្សព្វផ្សាយបំភ្លៃថា មូលដ្ឋាននេះត្រូវបានកម្ពុជាប្រគល់ឱ្យចិនបោះមូលដ្ឋានទ័ព។ ក្រោយពីចុះទៅពិនិត្យផ្ទាល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានអះអាងថា មិនមានដូចការចុះផ្សាយរបស់សារព័ត៌មានបរទេសនោះឡើយ៕