ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មការនី និយោជិតរបស់ភ្នាក់ងារកម្ពុជានាវាចរកាំសាប


នៅភ្នាក់ងារកម្ពុជានាវាចរកាំសាប ភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ និយោជិតរបស់ភ្នាក់ងារកម្ពុជានាវាចរកាំសាប ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រស់ វណ្ណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានអគ្គនាយក ភ្នាក់ងារកម្ពុជានាវាចរកាំសាប បានធ្វើការរាយការណ៍ពីសមិទ្ធិផលនានា និងបានគូសបញ្ចាក់អំពី ការរៀបចំប្រព័ន្ធ EDI (Electronic Data Intercharge) ដែលផ្តល់ជំនួយដោយអង្គការJICAដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រើប្រាស់សម្រាប់គ្រប់គ្រង ដំណើរការងារ របស់ភ្នាក់ងារកម្ពុជានាវាចរកាំសាប។ ជាមួយគ្នានេះផងដែរ ភ្នាក់ងារនាវាចរណ៍កាំសាប ក៏កំពុងបញ្ចប់ការរៀបចំប្រព័ន្ធគ្រប់គ្រងគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាដែលអាចតភ្ជាប់ទៅនឹងប្រព័ន្ធគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានធ្វើឡើងដើម្បី បង្កើនគណនេយ្យភាពការងារ ពន្លឿនប្រសិទ្ធភាពការផ្តល់សេវានិងពង្រឹងដល់ការកាត់បន្ថយចំណាយក្រៅផ្លូវការ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និយោជិតរបស់ភ្នាក់ងារកម្ពុជានាវាចរកាំសាបដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងការសម្រេចបាននូវសមិទ្ធិផលនានា ព្រមទាំងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ របស់ កាំសាប ចំពោះ និយោជិតរបស់ខ្លួន និងការលើកទឹកចិត្តផ្សេងៗដល់ពួកគាត់។
ឆ្លៀតក្នុងឧកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ផងដែរសមិទ្ធិផលនៃកំណែទម្រង់សំខាន់ៗ ដែលក្រសួងសម្រេចបាន និងបានធ្វើការក្រើនរំលឹកដល់អ្នកចូលរួមផងដែរ ថាត្រូវតែមានសាមគ្គីក្នុងការងារបំពេញការងារ ហើយមិនត្រូវមានការបែងចែកបក្សពួកឡើយ ក្នុងនាមជាសមាជិកនៃក្រុមគ្រួសារតែមួយ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។