សិក្ខាសាលាស្តីពី ការវិភាគព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ (Intelligence Fundamentals Course)


នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុអូស្រ្តាលី (AUSTRAC) រៀបចំសិក្ខាសាលាស្តីពី ការវិភាគព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ (Intelligence Fundamentals Course) នៅសណ្ឋាគារ Raffles Le Royal ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ អនុប្រធានប្រចាំការ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ហ.ក និងជាទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោកជំទាវ Angela CORCORAN អគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះនឹងត្រូវរៀបចំឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃចន្ទ ១៣រោច ដល់ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួមមកពី ១៧ក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ៥០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រី ស.ហ.ក និងមន្រ្តីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីគោលការណ៍គ្រឹះនិងនីតិវិធីក្នុងការផ្លាស់ប្តូរព័ត៌មាននិងប្រមូលទិន្នន័យ ព្រមទាំងវិធីសាស្ត្រវិភាគ ដើម្បីឈានទៅដល់ការរៀបចំរបាយការណ៍ស៊ើបការណ៍ហិរញ្ញវត្ថុប្រកបដោយគុណភាព។ សិក្ខាសាលាក៏នឹងផ្ដល់ឱកាសឱ្យសិក្ខាកាមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការគ្រប់គ្រងទិន្នន័យ ការប្រមូលព័ត៌មាន និងបច្ចេកទេសវិភាគព័ត៌មានជាដើម ស្របតាមផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពនានា ក្នុងបំណងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជាតិ និងពិភពលោក។