សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ


ខេត្តសៀមរាប៖ នារសៀលថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម Nick Beresford នាយកប្រតិបត្តិ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី “ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ” ដែលបានរៀបចំទ្បើងក្នុងគោលបំណង ប្រមូលធាតុចូល ធ្វើការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពីប្រព័ន្ធនិងការអនុវត្តការផ្តល់សេវាសាធារណៈនៃប្រទេសជាសមាជិកអាស៊ាននិងសេចក្តីព្រាងមាតិកា នៃឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ ព្រមទាំង ចែករំលែកនូវបទពិសោធន៍និងទស្សនាទានថ្មីៗ ស្តីពីការផ្តល់សេវាសាធារណៈប្រកបដោយការពេញចិត្តពីប្រជាពលរដ្ឋ ដែលយើងបានអញ្ជើញវាគ្មិនប្រកបដោយជំនាញនិងបទពិសោធន៍ មានតួនាទីជាទីប្រឹក្សា អ្នកឯកទេសជាន់ខ្ពស់ មន្រ្តីជាន់ខ្ពស់មកពីធនាគារពិភពលោក(World Bank) កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) និង ប្រទេសអាស៊ានបូក៣ (សាធារណរដ្ឋកូរ៉េ) មកចូលរួម និងធ្វើបទបង្ហាញលើប្រធានបទជុំវិញការផ្តល់សេវាសាធារណៈផ្តោតលើការពេញចិត្តរបស់ប្រជាពលរដ្ឋ។ សិក្ខាសាលានេះ រៀបចំទ្បើងដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដី នៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសមាជិកអាស៊ានទាំង១០ អាស៊ានបូក៣ អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងស្ថាប័ន និងប្រធានអង្គភាពច្រកចេញចូលតែមួយនៃសាលារាជធានី ខេត្តទាំងអស់ អង្គការអន្តរជាតិ(UNDP) មន្ត្រីជំនាញមកពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ ១៥០ នាក់។