សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូ អញ្ជើញពិនិត្យអគារស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសតួកគី


ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋតួកគី នារសៀលថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញពិនិត្យអគារស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសតួកគី ដែលរាជរដ្ឋាភិបាលបានជាវ និងកំពុងជួសជុលកែលំអរសម្រាប់ប្រើប្រាស់ បន្ទាប់ពីកម្ពុជា​សម្រេចបង្កើតស្ថានទូតដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

បន្ទាប់ពីអញ្ជើញទស្សនកិច្ចស្ថានទូតព្រះរាជាណាចក្រកម្ពុជា ម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ច និងដាក់កម្រងផ្កា នៅសារមន្ទីរ ANITKABIR ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងសម្ដែងការគោរពចំពោះវីរភាពនៃការតស៊ូដើម្បីឯករាជ្យភាព​ប្រទេសតួគីរបស់វីរជនច្រើនរូប ដែលដឹកនាំដោយលោក MUSTAFA KEMAL ARATURK​ ។ ឥស្សរជនរូបនេះក៏ជាស្ថាបនិកបង្កើតសាធារណរដ្ឋតួកគីដែរ​ ។ នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានចារលើក្រាំងមាសទុកជាអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរនោះផងដែរ។

នៅក្នុងឱកាសញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗក្នុងប្រទេសតួកគី​នោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញបន្តធ្វើទស្សនកិច្ចនៅសារមន្ទីរវប្បធម៌ ANATOLIAN ដែលបង្កើតឡើងមុនគេនៅប្រទេសតួកគី កាលពីឆ្នាំ១៩២១ ដើម្បីប្រប្រមូល និងថែរក្សានូវបុរាណវត្ថុជាច្រើន ដែលជាភស្តុតាងបញ្ជាក់អំពីកាលប្រវត្តិនៃប្រទេសតួកគី មុននឹងឈានទៅបើកឲ្យមហាជនចូលទស្សនានៅឆ្នាំ១៩៤៨។

អញ្ជើញចាកចេញពីសារមន្ទីរ ANATOLIAN សម្ដេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ បានបន្តអញ្ចើញទៅទស្សនកិច្ចតំបន់ HAMAMOU ដែលជាអតីតតំបន់ប្រមូលផ្ដុំដោយសំណង់អគារផ្ទះបុរាណ និងបានក្លាយជាតំបន់មិនរៀបរយមួយនៅក្នុងទីក្រុងអង់ការ៉ា​ ។ បន្ទាប់មកពីរដ្ឋាភិបាលតួកគីរៀបចំអភិវឌ្ឍន៍ឡើងវិញ ទីនេះបានក្លាយជាតំបន់ទេសចរណ៍បង្កប់នូវអតីតកាលជាច្រើន ហើយបានក្លាយជាតំបន់ទេសចរណ៍គម្រូ និងល្បីឈ្មោះក្នុងប្រទេសតួកគី និងតំបន់អឺរ៉ុប​ ៕