មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន បានទទួលការបណ្តុះបណ្តាលបន្ថែម លើសិល្បះនៃការប្រាស្រ័យទាក់ទង


នៅរសៀលថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខធិការក្រសួងកិច្ចការនារី លោកជំទាវ ម៉ម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញជាធិបតីក្នុងពិធីបិទ សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំស្តីពី “សិល្បៈនៃការប្រាស្រ័យទាក់ទង” សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តី និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាវាគ្មិនជំនាញ អញ្ជើញមកពីក្រសួងកិច្ចការនារី និងសិក្ខាកាមមកពីមន្ទីរបរិស្ថាន២៥រាជធានី-ខេត្ត។ លោកជំទាវ ងិន លីនណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៏មានបរិស្ថាន បានលើកឡើងរាយការណ៍នូវរបាយការបូកសរុបលទ្ធផលនិងការវាយតម្លៃសិក្ខាសាលារយៈពេល២ថ្ងៃកន្លងមកនេះទទួលបាននូវលទ្ធផលគួរជាទីមោទនលើជំនាញ ១-ភាពជាអ្នកដឹកនាំ ២-សិល្បៈនៃការប្រាស្រ័យទាក់ទងក្នុងភាពជាអ្នកដឹកនាំ ៣-ការនិយាយជាសាធារណៈ និងការបញ្ជូនសារប្រកបដោយឥទ្ធិពល ៤-ការបញ្ជូនសារប្រកបដោយឥទ្ធិពល និងទី៥-ការកសាងបណ្តាញស្រ្តី ភាពជាដៃគូ និងការចរចា។ ក្នុងឱកាសនោះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចែករំលែកនូវមេរៀនបទពិសោធន៍ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងបានលើកឡើងនូវស្ថានភាពបច្ចុប្បន្ន នៅតាមស្ថាប័នរដ្ឋ និង ឯកជន ក្នុងការលើកកម្ពស់សមត្ថភាព និងតម្លៃនៃការចូលរួមរបស់ស្រ្តីនៅក្នុងស្ថាប័ន ក៏ដូចជាក្នុងសង្គមជាតិទាំង មូល ក្នុងការបង្កើនសមធម៌ និងបង្កើនសមភាពការទទួលស្គាល់រវាងស្រ្តី និងបុរសគ្រប់ទិដ្ឋ ភាពទាំងអស់ ព្រមទាំងសិទ្ធក្នុងការចូលរួមចំណែកស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងនូវក្នុងឪកាសបិទអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ភាគីពាក់ពទ្ធ័ទាំងអស់ និងបានផ្តល់នូវអនុសាសន៍គន្លឹះសម្រាប់អង្គសិក្ខាកាមសូម
១. ប្រើប្រាស់ នូវ ចំណេះដឹង ដែល ទទួល បាន ក្នុង រយៈ ពេល ពីរ ថ្ងៃ នេះ ដោយ ផ្សារ ភ្ជាប់ ជា មួយ ប្រព័ន្ធ រដ្ឋបាល ទំនើប សម្រាប់ ការ អនុវត្ត ការងារ ប្រចាំ ថ្ងៃ ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល
២. បន្តពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងគុណតម្លៃក្នុងការដឹកនាំខ្លួនឯង និង បន្ត ដឹកនាំ ក្នុង ក្រុម និង អង្គភាព
៣. ពង្រឹងបន្ថែម និងលើកទឹកចិត្តក្នុងការធ្វើការជាក្រុម សាមគ្គីភាព បង្កើននូវទំនាក់ទំនងល្អ បង្កើត បរិយាកាសការងារល្អក្នុងអង្គភាព និងស្ថាប័ន
៤. បន្តស្វែងរកឱកាស ចាប់យកឱកាស និងប្រើប្រាស់ឱកាសឱ្យអស់លទ្ធភាព សម្រាប់ បង្កើន នូវ សមត្ថភាព សុច្ចរិតភាព សេចក្តីថ្លៃថ្នូរ និងគុណតម្លៃគ្រប់គ្រាន់ស្របនឹងប្រទេសជាតិ សង្គម ជាតិ ដែល បាននឹងកំពុងអភិវឌ្ឍន៍
សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់លើកកម្ពស់ចំណេះដឹងថ្នាក់ដឹកនាំជានារី ក្នុងការធ្វើសេចក្តីសម្រេច ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងបង្ហាញពីភាពអង់អាចដល់ស្រ្តី ការពង្រឹងសមត្ថ ភាពដល់ស្រ្តីជាអ្នកដឹកនាំ យ៉ាងណាមិញ សិល្បះនៃការប្រស្រ័យទាក់ទងគឺមានសារៈ សំខាន់សម្រាប់ ស្រ្តីក្នុងការចូលររួមទាំងកិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គមសង្គមកិច្ច និងសង្គម។
គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយ ដែលគណៈកម្មការសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហការជាមួយក្រសួងកិច្ចការនារី បានរៀបចំការបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការជាស្រ្តី ក្នុងក្រសួងបរិស្ថាន ដើម្បីដើម្បីពង្រឹងសមត្ថភាពបន្ថែមលើភាពជាអ្នកដឹកនាំ ដើម្បីយកទៅអនុវត្តការងារផ្ទាល់ខ្លួន ការងារក្នុងស្ថាប័ន និងការងារសង្គមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕