ឯកឧត្តម វេង សាខុន បានទទួលជួប ឯកឧត្តម Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា


នាវេលាម៉ោង ១៥:០០រសៀល ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប ឯកឧត្តម Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។

ជាកិច្ចស្វាគមន៍ តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា និងតែងតែគាំទ្រដល់ផលិតផលកសិកម្មដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។ ហើយលោកក៏បានជម្រាបជូនភ្ញៀវជ្រាប អំពីដំណើរវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្មក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រទេសដែលគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងជាអង្ករជិត ៤លានតោន និងជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក។ ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថែមទៀតថា គិតត្រឹមខែកក្កដា ឆ្នាំនេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មសរុបជាង ២,៣៧លានតោន។ សមិទ្ធផលដ៏ធំធេងមួយទៀតដែលរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការទើបតែសម្រេចបាននាថ្មីៗនេះគឺ ការនាំចេញចេកអំបូងលឿងកម្ពុជាឆ្ពោះត្រង់ទៅកាន់ទីផ្សារនៃប្រទេសចិន។

លោកសង្ឃឹម និងជឿជាក់ថា តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មលើផលិតផលកសិកម្ម និងផលិតកម្មសត្វរវាងប្រទេសទាំងពីរ ជាពិសេសវិនិយោគិនម៉ាឡេស៊ីមកវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសម៉ាឡេស៊ី នឹងត្រូវបានជំរុញនិងពង្រីកថែមមួយកម្រិតទៀតប្រកបដោយប្រសិទ្ធភាព។ មួយវិញទៀត ក៏បានស្នើដល់ភាគីម៉ាឡេស៊ីពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៃព្រះរាជជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងឧស្សាហកម្មដែលមានមូលដ្ឋានផ្នែកកសិ-ឧស្សាហកម្មនៃម៉ាឡេស៊ី។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន។ ហើយឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធនឹងការងារពង្រឹង និងពង្រីកការវិនិយោគពីម៉ាឡេស៊ីមកលើវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ដោយលោកបានបញ្ជាក់ថា ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួននឹងមកទស្សនកិច្ចសិក្សា ស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា។ លោកក៏បានបន្ថែមទៀតថា ភាគីម៉ាឡេស៊ីរីករាយចំពោះការបង្កើនបរិមាណនៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដោយភាគីម៉ាឡេស៊ីបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា ហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំងលើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្នុងអំឡុងអាណត្តិរបស់លោកនឹងព្យាយាមអស់លទ្ធភាព ធ្វើយ៉ាងណាជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មឲ្យមានការរីកចម្រើន ប្រកបដោយចីរភាពសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។