ការទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុនចំនួន២៤រូប ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន


ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល ជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ដែលជាមន្ត្រីរាជការ និងបុគ្គលិក បម្រើការងារនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុន ដោយមាន ការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងការដឹកជញ្ជូន។

ការជួបសំណេះសំណាលរបស់ក្រុមនិស្សិតទាំងនេះមានគោលបំណងដើម្បីទទួលបានអនុសាសន៍ ណែនាំ ក៏ដូចជាបទពិសោធន៍ល្អៗពីឯកឧត្តមទេសរដ្ឋមន្ត្រីមុនពេលធ្វើដំណើរទៅសិក្សានៅក្រៅប្រទេស និស្សិតចំនួន២៤នេះនឹងត្រូវចេញដំណើរទៅសិក្សាលើមុខវិជ្ជាមួយចំនួនរួមមាន៖ ការអភិវឌ្ឍវិស័យទឹកស្អាត ដំណោះស្រាយបញ្ហាបរិស្ថានក្នុងទីក្រុង ដំណោះស្រាយបញ្ហាចរាចរណ៍ក្នុងទីក្រុង ការអភិវឌ្ឍសេដ្ឋកិច្ច កំណែទម្រង់ផ្នែកនីតិសាស្ត្រ ការពង្រឹងទំនាក់ទំនងអន្តរជាតិ ការអភិវឌ្ឍគុណភាពអប់រំ ពង្រឹងវិស័យសុខភាព អភិវឌ្ឍវិស័យកសិកម្ម និងជំនាញអភិបាលកិច្ចល្អ ដែលត្រូវចេញដំណើរទៅសិក្សានៅថ្ងៃទី២២ ខែសីហា សម្រាប់ក្រុមទីមួយ និងថ្ងៃទី២៩ ខែសីហា សម្រាប់ក្រុមទីពីរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាអាចរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពអត្រាប្តូរប្រាក់ សិទ្ធិស្មើភាពគ្នាក្នុងការវិនិយោគ រំហូរទេសចរណ៍បរទេសបង្កើតការងារធ្វើ និងប្រាក់ចំណូលប្រជាពលរដ្ឋ និងឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាកត្តាជំរុញកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ បច្ចុប្បន្នវិនិយោគិនជប៉ុនកំពុងហូរចូលកម្ពុជាជាបណ្តើរៗជាការដាក់ទុនរយៈពេលវែង ជាការវិនិយោគនាំនូវបច្ចេកវិទ្យាកម្រិតខ្ពស់ របៀបដឹកនាំរបស់ក្រុមហ៊ុនល្អ និងបានសំណូមពរឱ្យក្រុមនិស្សិតជួយទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា ជួយផ្សព្វផ្សាយផលិតផលកម្ពុជា និងបានលើកឡើងអំពីកំណែទម្រង់ស៊ីជម្រៅដើម្បីកាត់បន្ថយចំណាយផ្លូវការ និងលុបបំបាត់ចំណាយក្រៅផ្លូវការដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី៖ ការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបំពេញការងារបម្រើសេវាចាំបាច់ឱ្យបានល្អជូនប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់ ធ្វើបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ដែលក្នុងនោះរួមមាន ការបង្កើតមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទូទាំងប្រទេស ដើម្បីបង្ខិតសេវាឱ្យកៀកទៅនឹងប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើឱ្យក្មួយៗនិស្សិតខិតខំរៀនសូត្របន្ថែមដើម្បី ត្រឡប់មកវិញបម្រើស្ថាប័នជាតិ ក៏ដូចជាវិស័យឯកជន បង្កើតទំនាក់ទំនងល្អក្នុងចំណោមមិត្តភក្តិជានិស្សិតដើម្បីប្រយោជន៍ជាតិ ធ្វើអំពើល្អដើម្បីមុខមាត់ជាតិមាតុភូមិ ជួយផ្សព្វផ្សាយអំពីការរីកចម្រើនរបស់ ប្រទេសជាតិឱ្យគេបានដឹង ជាពិសេសឆ្លៀតឱកាសស្វែងយល់ពីវប្បធម៌និងការរីកចម្រើនរបស់ប្រទេស ជាតិគេ ដើម្បីទទួលបទពិសោធន៍ល្អៗយកមកបន្តវេនដឹកនាំអភិវឌ្ឍជាតិ យើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕