ឯកឧត្តម ផៃ ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងសម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈនៅតំបន់ ខេត្តក្រចេះ


ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈនៅតំបន់ស្នួល លើផ្ទៃដី ទំហំ ១៩៨ គីឡូម៉ែត្រការ៉េ (ស្មើនឹង ១៩.៨០០ ហិកតា) ដែលមាន ទីតាំង ភូមិ សាស្ត្រស្ថិតនៅឃុំស្នួល ឃុំស្រែចារ ឃុំឃ្សឹម ស្រុកស្នួល និង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ របស់ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED (ម្ចាស់គម្រោង) និងរៀបចំរបាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT CO., LTD.។
បន្ទាប់ពីការជជែក និងផ្តល់យោបល់ ឯកឧត្តមប្រធានអង្គប្រជុំបានលើកឡើងនូវលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំគាំទ្រលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ស្នួលនេះ
២. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបាន លើក ឡើងទៅ ធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវ ដោយធ្វើបច្ចុប្បន្នភាពទិន្នន័យឡើងវិញឱ្យបាន ច្បាស់ លាស់ រួចដាក់ជូនក្រសួងបរិស្ថាន
៣. បញ្ហាដីធ្លី៖ ម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយផ្ទៃដីដែល ពាក់ព័ន្ធទាំងដីសម្បទានសេដ្ឋកិច្ច និងដីរបស់ប្រជាជន ឱ្យបានរួចរាល់ មុននឹងចាប់ផ្តើមចុះ សិក្សាស្វែងរុករករ៉ែលោហៈ ជៀសវាងមានបាតុភាពណាមួយកើតឡើង
៤. បញ្ហាគុណភាពទឹក ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយជំនាញក្នុងការវិភាគប៉ារ៉ាម៉ែត្រ អាសេនិចឡើងវិញ
៥. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លុបរន្ធខួងនានាឱ្យបានត្រឹមត្រូវ ក្រោយពេលបញ្ចប់ការ ខួងរន្ធ ៕
សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុន ទីប្រឹក្សាផងដែរ៕