កិច្ចប្រជុំអន្តរក្រសួងសម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ភ្នំខ្ទង់នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី


នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំ កិច្ច ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ភ្នំខ្ទង់ លើផ្ទៃដី ទំហំ ២១០,៧៥ គីឡូម៉ែត្រការ៉េ (ស្មើនឹង ២១.០៧៥ ហិកតា) ដែលមាន ទីតាំង ភូមិ សាស្ត្រស្ថិតនៅឃុំស្រែជិះ ឃុំរលួសមានជ័យ និង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ត ក្រចេះ និងឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED (ម្ចាស់គម្រោង) និងរៀប ចំ របាយ ការណ៍ IESIA ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD.។

ជាលទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖
១. អង្គប្រជុំគាំទ្រលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ភ្នំខ្ទង់នេះ
២. ស្នើរដ្ឋបាលខេត្តក្រចេះរៀបចំកិច្ច ប្រជុំជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងបី ដែលមានទីតាំង ត្រួតស៊ីគ្នាជាមួយទីតាំងសិក្សាស្វែងរុករកនេះ ដើម្បីធ្វើការដោះស្រាយឱ្យបានមុនធ្វើការសិក្សាស្រាវជ្រាវ រួចផ្ញើរបាយការណ៍មកក្រសួងបរិស្ថាន
៣. នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវធ្វើ លិខិតគោរពជម្រាបជូន ក្រសួងអភិវឌ្ឍន៍ជនបទ ទាក់ទងទៅនឹងបញ្ហាជនជាតិដើមភាគតិច ផ្លូវជនបទ និងបង្គន់អនាម័យ
៤. នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវធ្វើលិខិតគោរពជូនអគ្គនាយកដ្ឋានរដ្ឋបាល ការពារនិងអភិរក្សធម្មជាតិ អំពីទីតាំងត្រួតស៊ីគ្នាជាមួយតំបន់របៀងអភិរក្សជីវៈចម្រុះឦសាន ទំហំផ្ទៃដី ៨.០៦២ ហិកតា ដើម្បីការពារការប៉ះពាល់ដល់ការបំលាស់ទីសត្វព្រៃ និងជម្រក របស់វា
៥. ម្ចាស់គម្រោងត្រូវអប់រំបុគ្គលិក-កម្មករហាមប្រព្រឹត្តបទល្មើសព្រៃឈើ និងសត្វព្រៃ
៦. ម្ចាស់គម្រោងមិនត្រូវចុះទៅធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ មុនពេលក្រសួងបរិស្ថានឯកភាពលើរបាយការណ៍វាយតម្លែហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះទេ
៧. ក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបាន លើក ឡើងទៅ ធ្វើការកែសម្រួល យ៉ាងយូរ ០១ខែ រួចដាក់ជូនក្រសួងបរិស្ថាន
៨. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវគោរពលិខិតបទដ្ឋានគតិយុត្តិនានា របស់ កម្ពុជា ដែលមានជាធរមាន ៕
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ តំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (រដ្ឋបាល ព្រៃឈើ និងរដ្ឋបាល ជលផល) ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងរ៉ែ និងថាមពល ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍កម្ពុជា រដ្ឋបាល ខេត្ត ក្រចេះ រដ្ឋបាល ខេត្តមណ្ឌលគិរី មន្ទីរ បរិស្ថានខេត្តក្រចេះ មន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី នាយកដ្ឋានវាយតម្លៃ ហេតុ ប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់ គម្រោង និងក្រុមហ៊ុន ទីប្រឹក្សាផងដែរ។