សិស្សានុសិស្សដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨.២០១៩ជាប់និទ្ទេស A,B និង C នឹងទទួលបានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរខេត្តសៀមរាប


សិស្សឆ្នើមនៃវិទ្យាល័យអង្គរ ខេត្តសៀមរាប ចំនួន ៣៤៦នាក់ទាំងពីរកម្រិតសិក្សា បានទទួលរង្វាន់លើកទឹកចិត្តប្រចាំឆ្នាំសិក្សា២០១៨.២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត នៅវិទ្យាល័យអង្គរ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ក្នុងពិធីចែករង្វាន់សិស្ស នាដំណាច់ឆ្នាំសិក្សា២០១៨.២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការបញ្ជាក់ និង ផ្តាំផ្ញើ ដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ដើមី្បឈានទៅការប្រឡងបញ្ចប់កម្រិត សិក្សារបស់ខ្លួន សំខាន់ចំពោះប្អូនៗ ក្មួយៗ ថ្នាក់ទី៩ ដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និង ថ្នាក់ទី១២ ត្រូវប្រឡងសញ្ញា ប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨.២០១៩ នៅពេលខាងមុខនេះ ។

ឯកឧត្តមក៏បានបន្តទៀតថា ចំពោះប្អូនៗ និងក្មួយៗ ដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨.២០១៩ ហើយបានជាប់និទ្ទេស A,B និង C នឹងទទួលបានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរខេត្តសៀមរាប ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា សាលារៀននិងការសិក្សាអបរំ គឺជាឃ្លាំងនៃចំណេះដឹងទូទៅ ដែលមានលោកគ្រូ អ្នកគ្រូ ជាស្ថាបនិកផលិតធនធានមនុស្ស ក្រោមការខិតខំ លះបង់ពេលវេលា បណ្តុះបណ្តាលសិស្សានុសិស្សពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិ ។ បើគ្មានការអបរំទេនោះ គឺមិនអាចធ្វើឲ្យសង្គមមួយរីកចម្រើនបានឡើយ ការសិក្សាអប់រំ ជាកូនសោរសម្រាប់បើកទ្វារអនាគត ។ រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ វិស័យអប់រំនេះ ដែលមានគ្រូបង្រៀនជាស្នូល ពង្រឹងវិស័យអប់រំ-សិក្សាធិការជាតិ ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ថាបច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្រោមដំបូលនៃសន្តិភាព នឹង មានការអភិវឌ្ឍលើគ្រប់វិស័យ ដោយកត្តានៃសន្តិភាពនេះ និងស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ម៉្យាងទៀត កម្ពុជាបានកំពុងមានការផ្លាស់ប្តូររវាងអតីតកាល មកកាន់បច្ចុប្បន្ន កាល និង កំពុងមានចក្ខុវិស័យនៃការផ្លាស់ប្តូរបន្តទៀត ពីបច្ចប្បន្នសម្រាប់ទៅអនាគតផងដែរ។

ឯកឧត្តមក៏បានបកស្រាយថា កម្ពុជាបានផ្លាស់ប្តូរពីអតីតកាល ដោយការចាកចេញពីរបបប្រល័យពូជសាសន៍ មកកាន់ជីវិតទី២ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ ជាមួយនឹងការផ្លាស់ប្តូរអតីតកាលដែលមានតែបាតដៃទទេ មកជាប្រទេសកំពុងអភិវឌ្ឍ និង បានផ្លាស់ប្តូរពីឋានៈនៃប្រទេសអភិវឌ្ឍតិចតួច មកស្ថិតក្នុងកម្រឹតជាប្រទេសអភិវឌ្ឍមធ្យម កម្រឹតទាប ហើយរាជរដ្ឋភិបាលកំពុងបន្តមហិច្ឆតាអភិវឌ្ឍរបស់ខ្លួន ក្នុងការជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច ដើម្បីអនាគតកម្ពុ ជាគឺជាប្រទេសអភិវឌ្ឍ ប្រជាពលរដ្ឋនឹងបានចាកចេញពីភាពក្រីក្រ ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និង តាមរបាយការណ៍បញ្ជាក់របស់លោកនាយកសាលាវិទ្យាល័យអង្គរ បានឲ្យដឹងថា នៅក្នុងវិទ្យាល័យអង្គរ ក្នុងឆ្នាំសិក្សា ២០១៨.២០១៩ មានសិស្សសរុប ៤ពាន់៥៣១នាក់ សិស្សស្រីមាន ២ពាន់៥២៣នាក់ ក្នុងនោះសិស្សថ្នាក់ទី៧ មាន១៨ថ្នាក់ មានសិស្ស ៧០០នាក់ ស្រី៣៩៦នាក់ ,ថ្នាក់ទី៨ មាន១៨ថ្នាក់ មានសិស្ស ៧៦៦នាក់ ស្រី៣៩៨នាក់ ,ថ្នាក់ទី៩ មាន ១៨ថ្នាក់ មានសិស្ស៧៤៥នាក់ ស្រី ៣៧១នាក់ និងត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៦៧០នាក់ ស្រី៣៣៩នាក់ ដោយ ដកបេក្ខភាពមិនឲ្យប្រឡង ៧៥នាក់ ស្រី៣២នាក់ ។ ចំពោះថ្នាក់ទី១០ មាន១៨ថ្នាក់ មានសិស្ស ៨១៣នាក់ ស្រី៤៥៨នាក់ , ថ្នាក់ទី១១មាន ១៨ថ្នាក់ មានសិស្ស ៧៨១នាក់ ស្រី៣៧១នាក់ និង ថ្នាក់ទី១២ មាន ១៨ថ្នាក់ មានសិស្ស ៧៦៥នាក់ ស្រី ៤៤៦នាក់ ហើយសិស្សត្រូវប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៧៤៣នាក់ ស្រី៤៤១នាក់ និង ដកបេក្ខភាព មិនឲ្យប្រឡង ២២នាក់ ស្រី៥នាក់ផងដែរ ។ ចំពោះសិស្សទាំងពីរកម្រិតដែលទទួលរង្វាន់លើកទឹកចិត្តនាឆ្នាំសិក្សា២០១៨. ២០១៩នេះ ចាប់លេខ១ លេខ២ និងលេខ៣ មានចំនួន ៣៤៦នាក់ ក្នុងចំណោមសិស្សសរុប ១០៨ថ្នាក់ ។

ក្នុងពិធីនោះដែរឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ និង ឯកឧត្តម ទៀ សីហា ក៏បានធ្វើការឧបត្ថម្ភដល់សិស្សដែលបានឆ្លើយត្រូវនឹងសំណួរដែលបានលើកឡើង ពីជីវប្រវត្តិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឧបត្ថម្ភដល់កម្មវិធី នូវទឹកប្រាក់ ចំនួន ១០លានរៀល ដល់លោកគ្រូ អ្នកគ្រូផងដែរ៕